រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ បន្ថែមទៀត

(ភ្នំពេញ)៖ រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលត្រូវអោយមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញមួយចំនួនហើយក្តី។ រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម។

រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។

ហេតុនេះសូមឱ្យ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុនចិន មកដាក់ទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បន្តថាកន្លងមកនេះរោងចក្រវាយនភ័ណ្ឌមួយចំនួនរបស់ចិន ភាគច្រើននាំផលិតផលសម្រេចទៅកាន់អឺរ៉ុប ឯកឧត្ដមចង់ឲ្យមានការវិនិយោគទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផល នាំទៅកាន់ប្រទេសចិនតែម្ដងដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុបក៏មានលក្ខណៈចង្អៀតដែរ។

ឯកឧត្តម សុង ហ្វូឡុង បានលើកឡើងពីការរីកចម្រើនរបស់ខេត្តក្វាងទុង ដោយខេត្តមួយនេះ ជាខេត្តដែលមានរោងចក្រផលិតគ្រឿងម៉ាស៊ីនច្រើននៅប្រទេសចិន មានប្រជាពលរដ្ឋរស់នៅប្រមាណ ១២០លាននាក់។ សហគ្រាសខ្នាតធំៗមាននៅខេត្តក្វាងទុង អ្នកវិនិយោគនៅខេត្តក្វាងទុងក៏បានធ្វើការវិនិយោគនៅ រាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដមនឹងធ្វើការផ្សព្វផ្សាយទៅដល់អ្នកវិនិយោគទុនរបស់ខេត្តក្វាងទុង ឲ្យមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញក៏ដូចនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដោយកម្ពុជានិងចិនជាមិត្តដែកថែមនិងជាមិត្តចាស់។

ឯកឧត្តម សុង ហ្វូឡុង ក៏បានស្នើអញ្ជើញឯកឧត្ដម ឃួង ស្រេង ក៏ដូចជាប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ពិសេសនៅក្រុមហ៊ុនធំៗរបស់ចិននៅខេត្តក្វាងទុង ដើម្បីពិភាក្សាក៏ដូចជាជំរុញឲ្យអ្នកវិនិយោគទុនមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញក៏ដូចជានៅប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner