ឯកឧត្តម ស៊ាន បូរ៉ាត៖ រាជរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍយុវជន គឺជាអាទិភាពចម្បង និងមូលដ្ឋានដ៏រឹងមាំមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

(ភ្នំពេញ)៖ កម្មវិធី “យុវជន២១” រៀបចំដោយនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្នុងគោលបំណង អភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជា នៅក្នុងសតវត្សរ៍ទី២១ ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេស គឺជំរុញឱ្យយុវជនកម្ពុជាប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ពិធីបើកខាងលើស្ថិតក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន បានអោយដឹងថា កម្មវិធី “យុវជន២១” គឺជាគំនិតផ្តួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២១ ដែលរៀបចំឡើងក្នុងគោលបំណង អភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជា នៅក្នុងសតវត្សរ៍ទី២១ ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេសគឺជំរុញឱ្យយុវជនកម្ពុជាចេះទាញយកអត្ថប្រយោជន៍ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកន ការអនុវត្ត កម្មវិធី យុវជន២១ កម្មវិធីពិតជាបានផ្ដល់ផលជះយ៉ាងវិជ្ជមានដល់យុវជនកម្ពុជា ដោយក្នុងនោះ យើងសង្កេតឃើញថា ក្រុមយុវជនកម្មវិធីយុវជន២១ មួយចំនួន បានធ្វើបរិវត្តកម្មគម្រោងរបស់ខ្លួន ប្រែក្លាយទៅជាអាជីវកម្មជាក់ស្ដែងយ៉ាងជោគជ័យនៅក្នុងទីផ្សារ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍយុវជន គឺជាអាទិភាពចម្បង និងមូលដ្ឋានដ៏រឹងមាំមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍយុវជន រាជរដ្ឋាភិបាលបានដាក់ចេញនូវ ។គោលនយោបាយ ជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា“ ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រមូលផ្ដុំកម្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិ និងដៃគូអភិវឌ្ឍន៍ សំដៅរួមចំណែកអភិវឌ្ឍយុវជនឱ្យមានសម្បទាគ្រប់ជ្រុងជ្រោយ ជាពិសេសសម្បទាសតវត្សរ៍ទី២១ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍជាសាកលនៃបដិវត្តន៍ឧស្សាហកម្ម៤.០ នៃយុគ សម័យឌីជីថល។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក៏បានស្នើឱ្យមានការជំរុញកិច្ចសហការគ្រប់រូបភាព ទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជននានា ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសទីផ្សារការងារ និងសហគ្រិនភាពសម្រាប់យុវជន ជាពិសេសយុវជន ដែលបានកំណត់នៅក្នុងក្រុមគោលដៅអាទិភាព និងពង្រឹងភាពជាដៃគូជាមួយយុវជនក្នុងការអប់រំ បណ្ដុះ ដើម្បីងាយស្រួលឈានទៅរកទីផ្សារការងារ។

សូមបញ្ជាក់ថា កម្មវិធី “យុវជន២១” ឆ្នាំ២០២៤នេះ មានបេក្ខនិស្សិតចូលរួមមកពីគ្រឹះស្ថាន ឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ២៧ក្រុម ស្មើនឹង ១៦២នាក់ គ្រូដឹកនាំ២៧នាក់ ដែលតួរលេខនេះមាន កំណើនពីឆ្នាំ២០២១ មាន១៣ក្រុម ឆ្នាំ២០២២ មាន២១ក្រុម និងឆ្នាំ២០២៣ មាន២៤ក្រុម ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner