ចិនចាយទុន ៤៧ពាន់លានដុល្លារសម្រាប់មូលនិធិបន្ទះឈីបធំបំផុតមិនធ្លាប់មាន

ប៉េកាំង៖ ទិន្នន័យអាជីវកម្ម បានឱ្យដឹងថា ប្រទេសចិនបានសម្រេចបោះទុនជាង ៤៧ពាន់លានដុល្លារចូលទៅក្នុងមូលនិធិវិនិយោគបន្ទះឈីបដ៏ធំបំផុតមិនធ្លាប់មាន ខណៈដែលទីក្រុងប៉េកាំងកំពុងពង្រឹងភាពម្ចាស់ការលើខ្លួនឯង នៅក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិកដ៏សំខាន់។

ការវិនិយោគលើកនេះគឺស្ថិតក្នុងដំណាក់កាលទីបីនៃមូលនិធិវិនិយោគលើឧស្សាហកម្មបន្ទះឈីបថ្នាក់ជាតិ ដែលមានទំហំជាងជាងដំណាក់កាលទី១ និងទី២។ នេះបើយោងតាមព័ត៌មានដែលចេញផ្សាយដោយអ្នកផ្តល់ទិន្នន័យអាជីវកម្ម Tianyancha កាលពីថ្ងៃចន្ទ។

យោងតាមក្រុមហ៊ុន Tianyancha បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុចិន គឺជាម្ចាស់ភាគហ៊ុនធំជាងគេនៃដំណាក់កាលចុងក្រោយបង្អស់នៃមូលនិធិនេះ ហើយក៏មានក្រុមហ៊ុនរដ្ឋមកពីទីក្រុងសៀងហៃ ទីក្រុងប៉េកាំង និងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងទីក្រុង Shenzhen ក៏បានចាយទុនវិនិយោគផងដែរ។

បន្ទះឈីបគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃសេដ្ឋកិច្ចទំនើប ដោយវាត្រូវបានគេប្រើប្រាស់ក្នុងឧបករណ៍ផ្ទះបាយ ទូរស័ព្ទឆ្លាតវៃ រថយន្ត និងអាវុធជាដើម។ ប៉ុន្តែឧស្សាហកម្មបន្ទះឈីបបានជាប់គាំងកាន់តែខ្លាំងឡើង នៅពេលដែលសហរដ្ឋអាមេរិក និងចិនប្រជែងគ្នាដណ្តើមយកឧត្តមភាពខាងបច្ចេកវិទ្យា ខណៈដែលទំនាក់ទំនងរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរបានធ្លាក់ចុះក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមកាត់ផ្តាច់ក្រុមហ៊ុនចិន ចេញពីខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងប៉េកាំងបានចាយទុនរាប់ពាន់លានដុល្លារទៅក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner