ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំសារព័ត៌មានចំនួន ៣០ស្ថាប័ន ទស្សនកិច្ច ក្រុងបូកគោ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍
(ភ្នំពេញ)៖ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័ន ចំនួន ៣០ បានធ្វើដំណើរទៅកាន់ទីក្រុង បូកគោ លើទឹកដីនៃភូមិភាគនិរតីនៃប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍។ ការធ្វើដំណោះរមកទស្សនកិច្ចលើទឹកដីដែលសម្បូរសក្តានុពលធម្មជាតិក្នុងនេះរួមមានព្រៃភ្នំ សមុទ្រ និង សហគមន៍ទេសចរណ៍នេះដែ រធ្វើឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ។ ដំណើរទស្សនៈកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់ទីក្រុងបូកគោ ខេត្តកំពតនេះមានរយៈពេលបីថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៨ ,២៩ ,៣០ ខែឧសភា ឆ្នាំ២០២៣។

លោក ពុយគា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ប្រាប់ថា៖ តំបន់ទេសចរណ៍នៅកម្ពុជា មានច្រើនណាស់ ហើយនៅចំពោះមុខនៃបម្រែបម្រួលអាកាសធាតុអាកាសធាតុក្តៅដែលកំពុងជួបប្រទះ ។ កម្ពុជាយើងក៏មានជម្រើសរកតំបន់ទេសចរណ៍ដែលមានអាកាសធាតុត្រជាក់រហូតដល់បីតំបន់តំបន់៖ ទីមួយ ភូមិភាគឦសាននៃប្រទេសកម្ពុជានៅលើទឹកដីខេត្តមណ្ឌលគិរី។ ទីពីរ គីរីរម្យក្នុងខេត្តកំពង់ស្ពឺ។ ទីបី ទីក្រុងបូកគោ ដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថាក្តៅ ត្រជាក់ និងធ្លាក់អ័ព។ អ្នកសារព័ត៌មានអាចជួយផ្សព្វផ្សាយដើម្បីផ្ដល់ជម្រើសឱ្យអ្នកទេសចរទាំងក្នុងស្រុកនិងអន្តរជាតិបានដឹង។
លោកថាកន្លងមក អ្នកទេសចរទាំងក្នុងប្រទេស និងអន្តជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍តែងគិតភ្លាមទៅដល់ទឹកដីនៃខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។

គួរបញ្ជាក់ថាភ្នំបូកគោមានចម្ងាយ១៥០គម ពីរាជធានីភ្នំពេញ មានកំពស់ ១,០០៧៥ ម៉ែត្រធៀបនឹងកម្រិតទឹកសមុទ្ទ ស្ថិតក្នុងទឹក ដីខេត្តកំពត ដែលមានចម្ងាយ ១១គម ពីក្រុងកំពតរទៅជើងភ្នំ និង៣២គម ពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំនេះ ត្រូវបាន ចូលទៅដល់ដំបូងនៅឆ្នាំ១៩១៧ លុះក្រោយមកជនជាតិបារាំងម្នាក់ឈ្មោះ ៖ លួស ដែលជាអ្នកជំនាញស្រាវជ្រាវរុករ កបានរកឃើញនិងស្នើទៅប្រធានរដ្ឋបាលបារាំងពេលនោះដើម្បីរៀបចំជារមណីយដ្ឋាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ១៩២២ ក្នុងរាជព្រះបាទស៊ីសុវត្ថិ សម្រាប់ជាទីកន្លែងសម្រាកលម្លែកាយរបស់ពួកអាណានិគមបារាំងនៅរដូវក្តៅ។ អាកាសធាតុនៅលើភ្នំបូកគោ មានភាពត្រជាក់បង្គួរ ដែលសីតុណ្ហភាពប្រែលប្រួលពី ១៥ ទៅ ២៨អង្សាសេ ។
ស្ថិតក្នុងសម័យអាណានិគមបារាំង លោកហ្វ្រង់ស្វា-ឬផ្ទាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេសកម្ពុជាបានចាត់កសាង ឲ្យមានជាសាលារៀន ប្រៃសនីយ៍ ព្រះវិហាការភូលិក និងសណ្ឋាគារម្បីបូកគោផាឡេស ហើយសម្ពោធផ្លូវការនៅឆ្នាំ ១៩២៥។ បារាំង បានចាត់ចែងទីទួលមួយកន្លែងថ្វាយព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ហើយត្រូវមាតាព្រះអង្គ យកសាង សង់ជាទីអារាមមួយដែលមានឈ្មោះថា វត្តសំពៅប្រាំសម្រាប់ទីសក្ការបូជារបស់ពុទ្ធសាសនិក ស្របពេលដែលបារាំង កំពុងអភិវឌ្ឍក្រុងនៅ បូកគោ។

លុះដល់រាជព្រះបាទនរោត្តមសីហនុ ព្រះអង្គបានសាងសង់ព្រះរាជដំណាក់ស្នាខ្មៅ និងសំណង់ផ្សេងទៀតនៅខាង ក្រោយដំណាក់សម្រាប់ទ្រង់សម្រាកលំហែព្រះកាយនៅរដូវក្តៅ។ នៅក្នុងទសវត្ស ៥០ និង ៦០ សណ្ឋាគារបូកគោ ផាលេសត្រូវបានប្រើប្រាស់ជាកាស៊ីណូ និងជាកន្លែងថតភាពយន្តរបស់ព្រះករុណា។ ដោយសារសង្គ្រាមនៅទស វត្សទី ៧០ មណីយដ្ឋានបូកគោ ត្រូវបានបោះបង់ចោល ប៉ុន្តែត្រូវកងទ័ពវៀតណាម និងខ្មែរក្រហម ប្រើជាមូលដ្ឋាន យុទ្ធសាស្ត្រអស់ជាងពីរទសវត្ស។
បន្ទាប់ពីមានការបង្រួបបង្រួមជាតិ និងការបោះឆ្នោតជាសាកលនៅឆ្នាំ១៩៩៣ រាជរដ្ឋាភិបាល ក៏បានដាក់ភ្នំបូកគោ ជាឧទ្យានជាតិព្រះមុនីវង្ស ដែលគេស្គាល់ជាទូទៅថាឧទ្យានជាតិបូកគោ តាមព្រះរាជក្រឹត្យនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ ១៩៩៣។ ឧទ្យានជាតិនេះ ស្ថិតនៅលើជួរភ្នំដំរី និងមានផ្ទៃក្រលាចំនួន ១៤០ ០០០ហិចតា សន្ធឹងដល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ឧទ្យានជាតិបូកគោ សម្បូរដោយរុក្ខជាតិប្លែកៗ និងជាដែនជម្រកធម្មជាតិរបស់សត្វព្រៃនិងសត្វស្លាបជាច្រើនប្រភេទ។ អាស្រ័យដោយភាពសម្បូរបែបនៃគ្រូជាតិ សត្វព្រៃ និងលក្ខណៈពិសេសតែឯងនេះហើយ ទើបឧទ្យានជាតិបូកគោ ត្រូវបានចាត់ចូលក្នុងបញ្ជីឧទ្យានបេតិកភណ្ឌអាស៊ានមួយក្នុងឧទ្យានបេតិកភណ្ឌអាស៊ានពីររបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ ២០០៤។

នៅឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ឧទ្យានជាតិនេះឲ្យក្រុមហ៊ុនសុខាអូតែល វិនិយោគរយៈពេល៩៩ឆ្នាំដើម្បីអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញសំខាន់មួយទៀតរបស់ប្រទេសកម្ពុជានៅលើស្ថានីយ៍ភ្នំបូកគោ។ ក្រុមហ៊ុនសុខាអូតែល បានចាប់ផ្តើមដំណើរការសាងសង់ពង្រីកផ្លូវពីជើងភ្នំឡើងទៅលើកំពូលភ្នំដែលមានចម្ងាយ៣៣គីឡូម៉ែត្រ ជាអាទិភាពទីមួយ ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរការស្តារនិងសាងសង់ពង្រីកផ្លូវឡើងទៅលើកំពូលភ្នំនេះ ក្រុមវិស្វករ បានពុះពារនូវការលំបាកគ្រប់យ៉ាង ទាំងស្ថានភាពនៃការសាងសង់ ការកាត់ផ្ទាំងថ្មធំៗ ការជៀរជម្រាលភ្នំ និងអាកាសធាតុលំបាក។ ផ្លូវនេះ ត្រូវបានប្រសិទ្ធិនាមថា “មហារុក្ខវិថីគីរីតេជោ”។

ទន្ទឹមនេះ ក្រុមហ៊ុន ក៏បានបើកការដ្ឋានសាងសង់សណ្ឋាគារឋានសួគ៌បូកគោនៅលើកំពូលភ្នំដែលមានសណ្ឋានជាផ្កាយីហុបព្រមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធផ្លូវខ្វាត់ខ្វែងផងដែរដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ៕
ដោយ៖ម៉ាដេប៉ូ
រូបភាព៖ លោក ជឹម ភារ៉ា