ធនាគារជាតិ នៃកម្ពុជា និងក្រសួងកិច្ចការនារី ចុះអនុស្សរណៈបន្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ៥ឆ្នាំបន្ថែមទៀត

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី សម្រាប់រយៈពេល ៥ឆ្នាំបន្ថែមទៀត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជន ជាពិសេស ស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ។

លោកជំទាកិត្តិបណ្ឌិត អ៊ឹងកន្ថាផាវី មានប្រសាសន៍ថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ យើងនឹងបន្តនូវក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី តាមរយៈការបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុនិងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ច និងការពង្រីកភាពជាដៃគូ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី។

លោកជំទាបន្តថា វិធានការគន្លឹះ និងលទ្ធផលរំពឹងទុក ក្នុងកិច្ចសហការនេះ មាន ៣ចំណុចសំខាន់ៗ៖ ១.ការលើកកម្ពស់ ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដល់ស្រ្តីនៅតាមសហគមន៍ និងបណ្តាញរបស់ក្រសួងកិច្ចកា រនារី, ២.ការស្វែងរក មធ្យោបាយ ក្នុងការលើកកម្ពស់ការទទួលបានឥណទាន សម្រាប់សហគ្រិនស្រ្តី ក្នុងការប្រកបមុខរបរសហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម និង៣.កិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងវិស័យសាធារណៈ អង្កការដៃគូ និងវិស័យឯកជន ក្នុងការលើកកម្ពស់ចំណេះដឹងផែ្នកហិរញ្ញវត្ថុ សម្រាប់យុវតី និងសហគ្រិនស្រ្តីឱ្យកាន់តែទូលំទូលាយ។

លោកជំទារដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា បាននាំយកគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» អភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា បង្ហាញនៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្រ្តី នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ។ ក្រោយពីវាយតម្លៃ និងពិនិត្យយ៉ាងល្អិតល្អន់ ដោយគណៈកម្មការ នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក, គម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈប្រព័ន្ធទូទាត់ បាគង ត្រូវបានចាត់ទុកថា ជាគម្រោងដែលផ្តល់អត្ថប្រយោជន៍ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី ជាពិសេសស្រ្តីដែលរស់នៅ តាមតំបន់ជនបទ ហើយត្រូវបានគណៈកម្មការ បានសម្រេចផ្តល់ពានរង្វាន់សកល ថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» ដល់ស្ថាប័នទាំងពីរ ។

លោកជំទាបណ្ឌិត ជា សិរី មានប្រសាសន៍ថា បរិយាបន្នហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយ វិសមភាព និងភាពក្រីក្រនៅកម្ពុជា ជាពិសេស សម្រាប់ស្ត្រី ដែលមានចំណូលទាប និងនៅទីជនបទ។ ជាមួយគ្នានេះ ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាមរយៈការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ មិនត្រឹមតែជួយជំរុញអាជីវកម្មផ្ទាល់ខ្លួន ថែមទាំងអាចចូលរួម ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព រួមមាន៖ ការបង្កើនឱកាសការងារ ការកាត់បន្ថយភាពក្រីក្រ ការជំរុញសមភាពយេនឌ័រ និងការលើកកម្ពស់ការអប់រំ និងសុខមាលភាព ព្រមទាំងការចូលរួមកាត់បន្ថយសកម្មភាព ដែលប៉ះពាល់ដល់បរិស្ថាន និងបម្រែបម្រួលអាកាសធាតុជាដើម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៥-២០២៥ ក្នុងគោលដៅកាត់បន្ថយអត្រាស្ត្រី ដែលមិនទាន់ទទួលបាន សេវាហិរញ្ញវត្ថុ ឱ្យបានពាក់កណ្តាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ។

សូមរំលឹកថា ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយក្រសួងកិច្ចការនារី ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ស្ត្រី និងស្ត្រីក្នុងសហគ្រិនភាព” ដែលមានរយៈពេល ១ឆ្នាំ កាលពីឆ្នាំ២០១៩ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner