សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ត្រូវតែមានវត្តមានតួអង្គរុស្ស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបប្រធានសភាអ៊ុយក្រែនថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នាពេលខាងមុខ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ក៏ត្រូវតែមានវត្តមានតួអង្គរុស្ស៊ីផងដែរ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបទៅឯកឧត្តម រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន ដូច្នេះក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។
 
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានថ្លែងអំណរគុណសម្តេច ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ និងចូលរួមដល់កិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន ។
 
សម្តេចតេជោ បានសំដែងនូវក្តីរីករាយដែលបានជួបឯកឧត្តមតាមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតមានអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ។ សម្តេចបានលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។ សម្តេចបានរំលឹកពីការជួបតាមទូរស័ព្ទចំនួន ២ ដងជាមួយ ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសយើងទាំងពីរផងដែរ ។ សម្តេចបានស្នើសុំ ឯកឧត្តម ប្រធានសភា ពាំនាំនូវការគោរព និង ការផ្តាំសួរសុខទុក្ខ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ។
 
ឯកឧត្តម ប្រធានសភា បានអរគុណសម្តេច ចំពោះ ពាក្យពេចន៍ប្រកបដោយសមានចិត្ត និងកក់ក្តៅ ដល់ប្រជាជនអ៊ុយក្រែន និង បានបញ្ជាក់ថានឹងពាំនាំ ការសួរសុខទុក្ខ របស់សម្តេច ដល់ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ។

ឯកឧត្តម ប្រធានសភា បានលើកឡើងនូវប្រធានបទបី ជូនសម្តេចតេជោ ។ ទី១. ប្រទេសអ៊ុយក្រែនបានលើករូបមន្ត១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និង សន្តិភាព និង អំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ ។ ជាមួយគ្នានេះដែរ នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមា នកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយ ឯកឧត្តម រំពឹងថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលជាកូនប្រុសរបស់ សម្ដេចតេជោ នឹងអាចចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានសារៈសំខាន់សម្រាប់  អ៊ុយក្រែន និងពិភពលោក ។
 
ទី២. ការដោះមីន នៅ អ៊ុយក្រែន សំខាន់ណាស់ ។ កម្ពុជា មានបទពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបាន ខាងដោះមីន និង ឯកឧត្តម សុំការគាំទ្ររបស់សម្តេច និង ទន្ទឹងរងចាំ កម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែន ។

ទី៣. នៅក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន ឯកឧត្តម ប្រធានសភា សុំអញ្ជើញសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និង សុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិង សូមអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន។
 
សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងយករូបមន្ត១០ចំណុច ទៅពិចារណា រីឯ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាល សម្រេច ។ សម្តេច កត់សំគាល់ថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ត្រូវតែមានវត្តមានតួអង្គរុស្ស៊ី ។

សម្តេច បានជម្រាប ឯកឧត្តម ប្រធានសភា ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខ ។

សម្តេចបានមានប្រសាសន៍ថា ឯកឧត្តម បានស្នើឱ្យមានអ្នកដោះមីនកម្ពុជា នៅអ៊ុយក្រែន ។ សម្តេច មានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញកម្ពុជា មិនអនុញ្ញាត ឱ្យបញ្ជូនកងកម្លាំងដោះមីន ក្រៅឆ័ត្រអង្គការសហប្រជាជាតិ ។ សម្តេចបន្ថែមថា កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន ។ សម្តេចបានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន ។ ចំពោះការអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ ។
 
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរឯកឧត្តម ប្រធានសភា មានជោគជ័យក្នុងភារកិច្ចការងារ និងជាថ្មីម្តង សូម ឯកឧត្តម ពាំនាំការសួរសុខទុក្ខរបស់សម្តេចដល់ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ ២

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner