កម្ពុជា ហុងគ្រី បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យអប់រំ និង ទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារអំពីការបង្កើតកិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តម ទីប័រ បាឡុកឌី (Tibor BALOGDHDI) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារ ព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ១៩៥៦ មកម្ល៉េះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋហុងគ្រីចំពោះការផ្ដល់ជំនួយផ្សេងៗដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍ វិស័យអប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតជូនឯកឧត្តម និងសហការី ចូលជួបពិភាក្សាការងារ និងស្វែងយល់អំពីបេសកកម្ម និងផែនការសកម្មភាពរបស់ក្រសួងនៅក្នុងអាណត្តិថ្មីនេះ ព្រមទាំងបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ពីបេសកកម្មជំរុញផ្នែកសហប្រតិបត្តិសេដ្ឋកិច្ច និងការជំរុញវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រីក្នុងអាណត្តិការទូតរបស់ឯកឧត្តម និងស្នើសុំយោបល់ពីឯកឧត្តមរដ្ឋមន្រ្តីការជំរុញវិនិយោគរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner