មន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងអះអាងពីកំណើនសត្វស្លាបនៅតំបន់រ៉ាមសារព្រែកទាល់

បាត់ដំបង៖ដោយសារបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យសត្វ ស្លាបទឹកជាច្រើនប្រភេទនិងក្នុងចំនួនដ៏ច្រើនធ្វើបម្លាស់ទីមករស់នៅតំបន់រ៉ាមសារព្រែកទាល់ នៃឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។នេះដោយសារតែកត្តាកង្វះចំណី និងប្រភព ទឹកដែលជា តម្រូវការចាំបាច់របស់ពួកវា។

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងប្រាប់ ទូរទស្សន៍អប្សរាថា មកដល់ពេលនេះកំណើននៃពពួកសត្វ
ស្លាបទឹកយ៉ាងច្រើន បាននាំគ្នាមករស់នៅក្នុងតំបន់រ៉ាមសារ ព្រែកទាល់ ។វត្តមានពួកវាកើនច្រើនឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេលចុងក្រោយនេះ។

ទន្ទឹមនឹងការកើនឡើងនៃសត្វស្លាបទាំងនេះ មន្ទីរក៏មានវិធាន ការក្នុងការទប់ស្ទាក់ទឹកក្នុងតំបន់សត្វស្លាបរស់នៅដើម្បីរក្សា ត្រីនិងកុំឱ្យទឹកក្នុងតំបន់នោះគោករាក់ខះរីង ដែលប៉ះពាល់ ដល់ចំណីសត្វ។ មន្ទីរក៏មានវិធានការត្រៀមបង្ការទុកជាមុន ផងដែរចំពោះហានិភ័យកើតឡើងដោយភ្លើងឆេះព្រៃ ជាដើម។

លោក កត បូរ៉ាន បានបន្ថែមថាដោយសាររដូវនេះទឹកមានការ គោករាក់ធ្វើឱ្យចំនួនភ្ញៀវទេសចរមកទស្សនាសត្វស្លាបថយចុះ។ ការថមថយនេះដោយសារតែការធ្វើដំណើរ ទៅកាន់ “តំបន់ បន្ទាយសត្វស្លាប”ពិបាកខ្លាំងជាង នៅរដូវវស្សាដែល អាចធ្វើ ដំណើរតាមទូកស្មាច់ឬ កាណូត បាន។

សូមបញ្ជាក់ថា តំបន់រ៉ាមសារ”ព្រែកទាល់” គឺជាតំបន់ដីសើម (ទឹកសាប)ដ៏សំខាន់នៃចំណុចបឹងទន្លេសាប ស្ថិតក្នុងខេត្ត បាត់ដំបង។ភ្ញៀវអាចធ្វើដំណើរទៅកាន់តំបន់នោះ តាម មធ្យោបាយផ្លូវទឹកដោយទូកស្មាច់ ឬកាណូត ។ ចំណែក ក្នុងរដូវប្រាំង គេអាចធ្វើដំណើរតាមរថយន្តទៅកាន់ខេត្ត សៀមរាប រួចបន្តដំណើរតាមទូកស្មាច់ ឬកាណូតពី ផែ កាណូត ទេសចរណ៍ចុងឃ្នាសភ្នំក្រោម របស់ខេត្តសៀមរាប ដោយឆ្លង កាត់លំហផ្ទៃបឹងទន្លេសាប ដោយចំណាយពេល ប្រមាណ៤០ នាទីទៅមួយម៉ោងកន្លះអាស្រ័យលើអាកាសធាតុ។

តំបន់រ៉ាមសារ”ព្រែកទាល់” ត្រូវបានទទួលស្គាល់ថាជា ធនធាន ដ៏មានតម្លៃនៃផ្នែកជីវៈចម្រុះសង្គមនិង សេដ្ឋកិច្ច ដ៏កម្រដែល មិនអាចកាត់ថ្លៃបាន ហើយត្រូវបានកំណត់ ជា តំបន់ដីសើម”ដែលមានសារៈសំខាន់ជាអន្តរជាតិ(រ៉ាមសារ)នៅឆ្នាំ២០១៥ និងជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី “បឹងទន្លេសាប” ដែលមានមុខងារកំណត់និងទ្រទ្រង់លក្ខណៈជីវសាស្រ្តចម្រុះសំខាន់ៗដ៏សម្បូរបែប និងជាប្រព័ន្ធជលសាស្ត្រមួយ ដែល មានផលិតភាព និងចម្រុះបំផុតនៅលើពិភពលោកគ្រប ដណ្តប់ ដោយព្រៃលិចទឹកធំជាងគេបំផុតនៅក្នុងតំបន់។

“បឹងទន្លេសាប”ក៏ជាជម្រកបន្តពូជត្រីដ៏សំខាន់ដើម្បីជួយទ្រទ្រង់ប្រភេទត្រីជាង១៤០ប្រភេទ,សត្វឥតឆ្អឹងកង ជាង ៣០០ ប្រភេទ, សត្វស្លាបជាង១៣០ប្រភេទ,សត្វល្មូន៤២ ប្រភេទ, ថនិកសត្វ៤៦ប្រភេទ និងថលជលិកប្រហែល៥ប្រភេទ។ តំបន់នេះ ក៏ជាជម្រកបន្តពូជចុងក្រោយនៅអាស៊ីអាគ្នេយ៍ សម្រាប់ប្រភេទសត្វស្លាបដែលកំពុងតែរងការគំរាមកំហែងនៅលើពិភពលោកចំនួនពីរប្រភេទ ដូចជា សត្វទុងប្រផេះនិង រនាលស។

លើសពីនេះទៀតតំបន់រ៉ាមសារព្រែកទាល់ គឺជាជម្រកពងកូន សត្វ ស្លាបធំជាងគេបំផុត នៅក្នុងតំបន់ និងជាទីកន្លែង សុវត្ថិភាព ហើយក៏ជាជម្រកសម្រាប់ពពួកប្រភេទសត្វស្លាប ដែលទទួលរងនូវការគំរាមកំហែងនៅលើពិភពលោកចំនួន៦ប្រភេទផ្សេងទៀត ដូចជា សត្វស្មោញ ត្រដក់តូច សត្វ ពពូលទឹក ត្រយងខ្លួនស រនាលពណ៌ និង អកត្រីក្បាលប្រផេះ។ ទីនេះ ក៏ជាជម្រកពងកូន របស់សត្វត្រដក់ធំ ដ៏ធំជាងគេទីពីរ នៅលើ ពិភពលោកផងដែរ…៕


( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner