អេស្ប៉ាញ អៀរឡង់ និងន័រវេសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ

ម៉ាឌ្រីដ៖ ប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវេស កាលពីថ្ងៃអង្គារ បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ដែលនេះជាការសម្រេចចិត្តមួយទាក់ទាញការថ្កោលទោសពីអ៊ីស្រាអែលថា ជា “រង្វាន់” សម្រាប់ក្រុមហាម៉ាស ដែលបានបង្កសង្គ្រាមនៅហ្គាហ្សាដ៏បំផ្លិចបំផ្លាញរយៈពេលជាង៧ខែមកនេះ។

អេស្ប៉ាញ អៀរឡង់ និងន័រវេស ប្រទេសទាំងបីនៅអឺរ៉ុបនេះជឿជាក់ថា គំនិតផ្តួចផ្តើមរបស់ពួកគេនឹងក្លាយជានិមិត្តរូប ដែលលើកទឹកចិត្តប្រទេសដទៃទៀតឱ្យធ្វើតាម។
នាយករដ្ឋមន្ត្រីអៀរឡង់ លោក Simon Harris បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានធ្វើសកម្មភាពនេះជាមួយអេស្ប៉ាញ និងន័រវេស គឺដើម្បីរក្សាអព្ភូតហេតុនៃសន្តិភាពឱ្យនៅរស់រានមានជីវិត និងជំរុញអ៊ីស្រាអែលឱ្យបញ្ឈប់បង្កមហន្តរាយមនុស្សធម៌នៅហ្គាហ្សា។

ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានអះអាងដែរថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជារឿង “ចាំបាច់” សម្រាប់សន្តិភាព ហើយថា ការសម្រេចចិត្តនេះ គឺមិនមែនប្រឆាំងនឹងនរណាម្នាក់ឡើយ តែវាជាមធ្យោបាយតែមួយគត់ ដើម្បីធានាអនាគតនៃរដ្ឋពីរដែលរស់នៅក្បែរគ្នា ប្រកបដោយសន្តិភាព និងសន្តិសុខ។

ស្របពេលជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសអេស្ប៉ាញបានថ្កោលទោសការអត្ថាធិប្បាយនេះថា ជាការអំពាវនាវឱ្យមានការលុបបំបាត់អ៊ីស្រាអែល។ ហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា អ្នកដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន… អ្នកទាំងនោះកំពុងចូលរួមញុះញង់ឱ្យប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងប្រជាជនជ្វីហ្វ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner