ម៉ិកស៊ិកដាក់ពង្រាយទាហានជិត ៣ម៉ឺននាក់ ពង្រឹងសន្តិសុខដំណើរការបោះឆ្នោត

ម៉ិកស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសខ្លួននឹងដាក់ពង្រាយទាហាន និងសមាជិកឆ្មាំជាតិប្រហែល ២៧,០០០នាក់ ដើម្បីពង្រឹងសន្តិសុខក្នុងអំឡុងពេលបោះឆ្នោតសកលនៅចុងសប្តាហ៍នេះ បន្ទាប់ពីរលកនៃអំពើហិង្សាបានផ្តោតលើបេក្ខជនក្នុងតំបន់។

ប្រធានាធិបតីម៉ិកស៊ិក លោក ម៉ានូអែល ឡូប៉េស អូប្រាឌ័រ បាននិយាយថា គោលបំណងដាក់ពង្រាយកងកម្លាំងជាង ២៧,០០០នាក់ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន គឺដើម្បីការពារប្រជាជនម៉ិកស៊ិកអាចទៅបោះឆ្នោត ដោយស្ងប់ស្ងាត់ សុវត្ថិភាព និងគ្មានការភ័យខ្លាច។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ប្រជាជនម៉ិកស៊ិកនឹងជ្រើសរើសសមាជិកសភា អភិបាលរដ្ឋមួយចំនួន និងមន្ត្រីមូលដ្ឋានជាច្រើនរូប សរុបមានជាង ២០,០០០មុខតំណែងកំពុងត្រូវបានប្រកួតប្រជែង។

អំពើហឹង្សាជាធម្មតាតែងតែកើនឡើងក្នុងអំឡុងដំណើរការបោះឆ្នោតនៅម៉ិកស៊ិក ហើយឆ្នាំនេះក៏មិនមានករណីលើកលែងដែរ។ យោងតាមការស្ទង់មតិជាមធ្យមដែលចងក្រងដោយក្រុមហ៊ុនស្រាវជ្រាវ Oraculus បានបង្ហាញថា បេក្ខជនគណបក្សកាន់អំណាច គឺលោកស្រី Claudia Sheinbaum ជាបេក្ខជននាំមុខគេក្នុងមុខតំណែងប្រធានាធិបតី ដែលមានអ្នកគាំទ្រប្រហែល ៥៦ភាគរយនៃអ្នកបោះឆ្នោត។

រីឯគូប្រជែងបក្សប្រឆាំង គឺលោកស្រី Xochitl Galvez ឈរនៅលេខរៀងទីពីរ មាន ៣៣ភាគរយ ខណៈដែលលោក Jorge Alvarez Maynez ឈរនៅលេខរៀងទីបី មាន ១២ភាគរយ។ អំពើហិង្សាដ៏ឃោរឃៅនៅម៉ិកស៊ិក បានធ្វើឱ្យមនុស្សជាង ៤៥០,០០០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតបាត់ខ្លួនចាប់តាំងពីឆ្នាំ២០០៦ ហើយស្ថិតក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលប្រធានាធិបតីបន្ទាប់ត្រូវចាត់វិធានការដោះស្រាយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner