លោក ពូទីន គំរាមថា នឹងមានផលវិបាកធ្ងន់ធ្ងរបំផុត បើសិនអ៊ុយក្រែនប្រើអាវុធលោកខាងលិចវាយប្រហារទឹកដីរុស្ស៊ី

មូស្គូ៖ មេដឹកនាំរុស្ស៊ី កាលពីថ្ងៃអង្គារ បានព្រមានថា នឹងមានផលវិបាកដ៏ធំធេង បើសិនបណ្តាប្រទេសលោកខាងលិចអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេ វាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី តាមដែលទីក្រុងកៀវចង់បាន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងព្រមានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ូសបេគីស្ថានថា ប្រទេសជាច្រើននៅអឺរ៉ុបគួរតែចងចាំ មុនពេលពួកគេនិយាយអំពីការវាយលុកជ្រៅទៅក្នុងទឹកដីរុស្ស៊ី គឺជារឿងដ៏ធ្ងន់ធ្ងរបំផុតមួយ។ លោក ពូទីន បន្តថា ទោះបីកងកម្លាំងអ៊ុយក្រែនជាអ្នកវាយប្រហាររុស្ស៊ីក៏ដោយ ការទទួលខុសត្រូវរបស់ពួកគេ នឹងស្ថិតនៅជាមួយអ្នកផ្គត់ផ្គង់អាវុធលោកខាងលិច។

លោក ពូទីន បន្ថែមថា គាត់ជឿជាក់ថា គ្រូយោធាលោកខាងលិចមានវត្តមានរួចហើយនៅអ៊ុយក្រែន ដែលកំពុងធ្វើប្រតិបត្តិការលួចលាក់ ក្នុងនាមជាទាហានស៊ីឈ្នួល ប៉ុន្តែបើសិនពួកគេត្រូវបានបញ្ជូនជាផ្លូវការទៅកាន់អ៊ុយក្រែន នោះវានឹងក្លាយជាការកើនឡើងភាពតានតឹង និងជាជំហានមួយទៀតឆ្ពោះទៅរកជម្លោះដ៏ធ្ងន់ធ្ងរនៅអឺរ៉ុប និងឆ្ពោះទៅរកជម្លោះសកល។

ការព្រមានធ្ងន់ៗរបស់លោក ពូទីន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសមាជិកណាតូមួយចំនួន ក៏ដូចជាប្រមុខបក្សសម្ព័ន្ធយោធានេះ គឺលោក Jens Stoltenberg បានអំពាវនាវឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធលោកខាងលិច ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាងពីរឆ្នាំ។

រីឯមេបញ្ជាការកំពូលអ៊ុយក្រែនក៏បានប្រកាសកាលពីថ្ងៃចន្ទដែរថា កិច្ចពិភាក្សាកំពុងធ្វើឡើងជាមួយបារាំង ស្តីពីការបញ្ជូនគ្រូយោធាមកកាន់អ៊ុយក្រែន។ ភ្លាមៗ លោក ពូទីន បានព្រមានចំៗថា យើងនឹងធ្វើអ្វីដែលយើងគិតថាចាំបាច់ ដោយមិនគិតពីអ្នកណានៅលើទឹកដីអ៊ុយក្រែនទាំងអស់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner