មេធំ Nvidia ចាយពេលត្រឹម៥ឆ្នាំ កើនទ្រព្យសម្បត្តិសុទ្ធជិត ៩៤ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនបន្ទះឈីប Nvidia លោក Jensen Huang ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ចាយពេលត្រឹម៥ឆ្នាំប៉ុណ្ណោះ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនឡើងចំនួន ២៦ដង ដល់ជិត ៩៤ពាន់លានដុល្លារ ដោយសារតម្រូវការបន្ទះឈីបស្ទុះឡើងយ៉ាងគំហុក។

ផ្អែកតាមសន្ទស្សន៍មហាសេដ្ឋីរបស់កាសែត Bloomberg បានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Huang ដែលភាគច្រើនបានមកពីភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុន បានកើនឡើង ៧.៧ពាន់លានដុល្លារ គិតត្រឹមដើមឆ្នាំនេះ ខណៈដែលភាគហ៊ុនរបស់លោកវិញ បានហក់ឡើងពី ៣.៥ភាគរយ ដល់ ៩ភាគរយ។

ភាគហ៊ុនរបស់ Nvidia ផ្ទាល់ក៏បានកើនឡើងទ្វេដងផងដែរ តួយ៉ាងត្រឹម៣ខែដើមឆ្នាំ ក្រុមហ៊ុននេះរកប្រាក់ចំណូលបានចំនួន ២៦ពាន់លានដុល្លារឯណោះ។ ហើយ Nvidia រំពឹងថា នឹងទទួលបានប្រាក់ចំណូលកើនឡើងដល់ ២៨ពាន់លានដុល្លារគិតត្រឹមត្រីមាសនេះ ដែលនេះជាសញ្ញាបង្ហាញដល់វិនិយោគិនថា តម្រូវការបន្ទះឈីប AI នៅតែរឹងមាំដដែល។

គួររម្លឹកផងដែរថា លោក Jensen Huang បានបង្កើត Nvidia ឡើងក្នុងឆ្នាំ១៩៩៣ ដើម្បីផលិតបន្ទះឈីបសម្រាប់ឧបករណ៍ហ្គេម។ ការរីកចំរើននៃកម្មវិធី AI ជាពិសេស ChatGPT នៃក្រុមហ៊ុន OpenAI បានធ្វើឲ្យមានកំណើនតម្រូវការសម្រាប់បន្ទះឈីប Nvidia។ ជាក់ស្តែងគិតមកទល់ពេលនេះ Nvidia បានក្តោបក្តាប់ចំណែករហូតដល់ ៨០ភាគរយឯណោះ នៃចំណែកបន្ទះឈីប AI នៅលើពិភពលោក៕

ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner