សំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ៖ តុលាការបន្តសវនាការនៅថ្ងៃទី៥ ខែមិថុនា
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ចំនួន៨នាក់ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ ការបន្តសវនាការនេះ បន្ទាប់ពីបានបើកសវនាការអស់រយៈពេលមួយព្រឹក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងសវនាការឃើញមានវត្តមានជនជាប់ចោទចំនួន៥នាក់ និងជនជាប់ចោទចំនួន ៣នាក់ មិនឃើញមានវត្តមាននៅក្នុងសវនាការនោះទេ។ ជនជាប់ចោទចំនួន ៥នាក់ ដែលចូលសវនាការ មានដូចជា :
១. ឈ្មោះ ឡុង គន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ
២. ឈ្មោះ យឹម លាងហ៊ី ភេទ ប្រុស អាយុ ៣២ឆ្នាំ
៣. ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ឆ្នាំ
៤. ឈ្មោះ ភួន កែវរស្មី ភេទ ស្រី អាយុ ២០ឆ្នាំ
៥. ឈ្មោះ លី ចាន់ដារ៉ាវុត ភេទ ប្រុស អាយុ ២១ឆ្នាំ
ចំណែកជនជាប់ចោទចំនួន ៣នាក់ ដែលអវត្តមាន រួមមានៈ
១. ឈ្មោះ ស៊ុន រដ្ឋា ភេទ ស្រី អាយុ ២៧ឆ្នាំ
២. ឈ្មោះ ពក ខើយ ភេទ ប្រុស អាយុ ២៥ឆ្នាំ
៣. ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន ភេទ ប្រុស អាយុ ៤១ឆ្នាំ
ជនជាប់ចោទដែលអះអាងថា ជាសកម្មជនបរិស្ថាន ឬក៏ជាសកម្មជនមាតាធម្មជាតិ បើផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត ប្រមូលភស្តុតាងរបស់សមត្ថកិច្ចបានបង្ហាញថា ពួកគេធ្វើសកម្មភាពមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសឲ្យធ្វើសកម្មភាព។ ពួកគេធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធជាមួយនិងហិរញ្ញប្បទានភេរវកម្មដែលផ្គត់ផ្គង់ដោយមេក្លោងជាជនបរទេស។
សមត្ថកិច្ចបានរកឃើញថា :
ទី១. ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជនជាតិអេស្បាញ។
ទី២. សមត្ថកិច្ចបានប្រមូលនិងរកឃើញថា គ្រប់សកម្មភាពរបស់ពួកគេ គេយកឈ្មោះជ្រកក្រោមស្លាកការពារបរិស្ថាន តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មានបញ្ហាផ្សេងៗធ្វើជាលេសដើម្បីធ្វើជាឈ្នាន់ ឬក៏ជាមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋដល់សាធារណៈជនក្នុងគោលដៅប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាល។
ទី៣. ក្រុមនេះធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធជាមួយនិងហិរញ្ញប្បទានភេរវកម្មដែលផ្គត់ផ្គង់ដោយមេក្លោងរបស់គេជនបរទេស។
ការធ្វើសកម្មភាពកន្លងមកនេះ សុទ្ធតែមានផែនដាកចង្អុលដឹកនាំច្បាស់លាស់មានមេបញ្ជាការជនជាតិបរទេសនៅក្រៅប្រទេស។
គួររម្លឹកថា អង្គការមាតាធម្មជាតិ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោកអាឡិច ជាប្រធានអង្គការ ចេញពីប្រទេសកម្ពុជាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥៕
ដោយ៖ពលជ័យ
រូបភាព៖ពលជ័យ




