អគ្គនាយកដ្ឋានពន្ធដារ ផ្តល់សិទ្ធដល់ធនាគារ វីង ទទួលការទូទាត់បង់ពន្ធពីសាធារណជន ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតថ្លៃសេវាបន្ថែម

(ភ្នំពេញ)៖ ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធអនុញ្ញាតទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន តាមរយៈធនាគារ វីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ ។

កិច្ចសហការនៃសេវាកម្មនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅអគារធនាគារវីងថៅវើ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានថ្លែងអំណរគុណ ទៅដល់អគ្គនាយដ្ឋានពន្ធដារសម្រាប់ការផ្តល់ទំនុកចិត្តចំពោះធនាគារ វីង ហើយអនុញ្ញាតឱ្យធនាគារ វីង ប្រើប្រាស់នូវជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួលការទូទាត់បង់ពន្ធឱ្យកាន់តែប្រសើរបន្ថែមទៀត។

ក្នុងនាមជាធនាគារឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ធនាគារ វីង ក្លាយជាដៃគូគួរឱ្យជឿជាក់មួយនៃអគ្គនាយកដ្ឋានពន្ធដាររយៈពេល ជាយូរមកហើយ ។ កិច្ចសហការនេះ ក៏មានគោលបំណងជួយទៅដល់រូបវន្តបុគ្គលដែលត្រូវការទូទាត់បង់ពន្ធ ហើយត្រូវ ធ្វើដំណើរឆ្ងាយ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដោយជំនួសមកវិញ ពួកគាត់ អាចអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត ដើម្បីទូទាត់បង់ពន្ធ មិនមានការគិតថ្លៃសេវាបន្ថែមនោះឡើយ។ ជាមួយសាខាចំនួន ២១ ការិយាល័យនៅទូទាំងប្រទេសកម្ពុជា បន្ថែមលើ ការិយាល័យកណ្តាល ឋិតក្នុងអគារ ធនាគារ វីង ថៅវើ ធនាគារ វីង ផ្តល់ជម្រើសទូទាត់បង់ពន្ធទៅដល់សាធារណជនកាន់តែងាយស្រួល។

ក្នុងឱកាសនោះ ឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា តាមរយៈការព្យាករណ៍ ក្នុងមួយឆ្នាំអាចប្រមូលពន្ធបានជាង ៤ពាន់លានដុល្លារ ដែលការប្រមូលចំណូលនេះ តាមរយៈធនាគារវីង នឹងទទួលបានគ្រប់ ប្រកបដោយសាកសិទ្ធភាព ប្រសិទ្ធភាពការងារ និងតម្លាភាព ។

ឯកឧត្តម បានបន្តថា ការបង់ពន្ធតាមសេវាកម្មបច្ចេកវិទ្យានេះ គឺលឿន ពុំចាំបាច់ទៅបង់ពន្ធនៅតាមសាខាពន្ធដារ អាចបង់បានតាមធនាគារវីង ជាពិសេសអ្នកបង់ពន្ធមធ្យោបាយ បង់ពន្ធលើអចលនទ្រព្យ ដែលនេះជាចំណុចសំខាន់ ព្រោះបានជួយកាត់បន្ថយការចំណាយលើពេលវេលា កាត់បន្ថយការចំណាយលើថវិកាត្រូវធ្វើដំណើរទៅបង់ពន្ធនៅទីតាំងឆ្ងាយៗ ដែលចំណុចនេះហើយ រាជរដ្ឋាភិបាលចង់ឃើញ វិស័យឯកជន និងរដ្ឋធ្វើការជាមួយគ្នា ដើរទៅមុខទាំងអស់គ្នា ។

លោកអ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត ហើយភ្ជាប់ជាមួយឯកសារតិចតួចប៉ុណ្ណោះ ពេលទៅដល់បញ្ជរបង់ពន្ធ និងសេវាសាធារណៈរបស់ធនាគារ វីង បុគ្គលិកបម្រើសេវាកម្មនឹងជួយសម្រួលអតិថិជនក្នុងការជ្រើសរើស មធ្យោបាយ ទូទាត់ដែល មាន ពីរជម្រើសផ្សេងគ្នា។ អតិថិជន អាចជ្រើសរើសទូទាត់ជាសាច់ប្រាក់សុទ្ធ ឬកាត់ចេញពីគណនី ធនាគារ វីង ក៏បាន ហើយក៏មាន ជម្រើសមួយទៀតនោះ គឺការបញ្ចូលទឹកប្រាក់ពី សែក ទៅក្នុងគណនីធនាគារ វីង របស់អតិថិជន សម្រាប់ការធ្វើការទូទាត់ក៏បាន ។

បន្ថែមលើនេះ អតិថិជនក៏អាចជ្រើសរើសការទូទាត់តាមប្រព័ន្ធអនឡាញដោយប្រើប្រាស់អេប របស់អគ្គនាយកដ្ឋានពន្ធដារ គឺ អេប GDT Tax Payer ដែលអ្នកប្រើប្រាស់អាចធ្វើការបង់ពន្ធអចលនទ្រព្យ និងពន្ធផ្លូវជាដើម ។  អតិថិជនគ្រាន់តែបើក អេប ហើយចូលទៅកាន់មុខងារទូទាត់ពន្ធ រួចពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារ វីង សម្រាប់ការទូទាត់ជាការស្រេច។ ឆាប់ៗខាងមុខនេះ សាធារណជនក៏អាចប្រើប្រាស់អេប GDT Tax Prefiling និង GDT E-Filing App សម្រាប់ការទូទាត់បង់ពន្ធផងដែរ។

ក្នុងនាមជាអង្គភាពដ៏មានសារៈសំខាន់មួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រមូលចំណូលពន្ធដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុក បង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចផែនការរបស់ខ្លួនជា មួយនឹងការប្រមូលចំណូលពន្ធដាចំនួន ៣,៦ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣ ហើយគ្រោងសម្រេចឱ្យបាន ៤,១ ពាន់ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៤ ដែលអាច មានចំណែក ១១ ភាគរយ នៃទំហំផលិតផលក្នុងស្រុកសរុប ៣៥ ពាន់លានដុល្លារអាមេរិក ដែលរំពឹងសម្រេចបានក្នុងឆ្នាំ២០២៤នេះ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner