ឯកឧត្ដម រដ្ឋមន្រ្តី នេត្រ ភក្រ្ដា ៖ សម័យសន្តិភាពប្រជាជនស្គាល់ប្រទេសរបស់ខ្លួន តាមរយៈ Camera អ្នកថត

(ភ្នំពេញ)៖ ក្នុងសម័យសន្តិភាពប្រជាជនបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈកញ្ចក់ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីសក្តានុពលដែលប្រទេសកម្ពុជាមាន។

ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន “SEE CAMBODIA 2024” រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ។

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា តាមរយៈកញ្ចក់ Camera របស់អ្នកថតរូប គឺជាការនាំប្រទេសកម្ពុជាឱ្យប្រជាជនខ្លួនឯងបានស្គាល់ច្បាស់ ហើយជាការនាំប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀត និងផ្តល់ជាការកម្សាន្តថែមទៀតផងដែរ ។

ឯកឧត្ដមបានថ្លែងថា ជាមួយនឹងការថតរូបនេះ ធ្វើឱ្យគេស្គាល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្គាល់ពីប្រពៃណីទំនៀមទម្លាប់នៅតាមមូលដ្ឋាន ហើយក៏បានចូលរួមក្នុងការអភិរក្សប្រពៃណី និងទំនៀមទម្លាប់ ព្រមទាំងបានដឹងឃើញពីទំនៀមទម្លាប់ផ្សេងទៀតផងដែរ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការប្រកួតប្រជែងថតរូបនេះ មិនមែនផ្តោតត្រឹមតែជាស្នាដៃនៃការថតរូបស្អាតនោះទេ ប៉ុន្តែជាការផ្សារភ្ជាប់ជាមួយប្រពៃណី ទំនៀមទម្លាប់ សាសនា សិល្បៈ ជីវិតរស់នៅ ដែលធ្វើឱ្យប្រជាជនដ៏ទៃទៀត បានឃើញរូបភាពទាំងនេះ បានសិក្សាពីអ្វីដែលបានកើតឡើងនៅតំបន់នីមួយៗ ។

នៅក្នុងទ្រឹស្តីព័ត៌មាន រូបភាពគឺបាននាំយកព័ត៌មាន ៥០% រួចទៅហើយ ពេលខ្លះគឺមិនចាំបាច់ធ្វើការអត្ថាធិប្បាយនោះទេ គ្រាន់តែមើលរូបភាព ក៏មានព័ត៌មាននៅក្នុងនោះដែរ ហើយអ្វីដែលជាការលំបាកបំផុតនោះ គឺព្រឹត្តការណ៍មួយដែលដំណើរការ ២ ទៅ ៣ម៉ោង អ្នកថតរូបត្រូវជ្រើសរើសយករូបតែ ១ ឬ ២ សន្លឹក ដើម្បីផ្សព្វផ្សាយ។ជាមួយការប្រឡងថតរូបនេះដែរ គឺក្នុងគោលបំណងចង់ឱ្យបងប្អូនប្រជាពលរដ្ឋ បានឃើញអំពីទិដ្ឋភាពផ្សេងៗ តាមរយៈរូបថត ព្រោះនៅក្នុងសម័យតេជោ ប្រជាជនកម្ពុជារស់នៅក្រោមដំបូលនៃសុខសន្តិភាព ហើយមាន ឱកាសដើរកម្សាន្តស្ទើរតែគ្រប់កន្លែងទាំងអស់នៅទូទាំងប្រទេស រួមជាមួយ Camera ថតរូប និងទូរស័ព្ទស្មាតហ្វូនដែលខ្លួនមាន គឺបានផ្តិតយករូបភាពទាំងអស់នោះ ដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម Facebook និងប្រពន្ធ័ផ្សព្វផ្សាយដទៃទៀតផងដែរ ។

លោក មាលី បានបញ្ជាក់ថា នៅក្នុងសម័យ ឌីជីថល នេះ រូបភាពមានតម្រូវការប្រើប្រាស់កាន់តែច្រើនជាងមុនបន្ថែមទៀត ហើយរូបភាពបានដើរតូនាទីសំខាន់ណាស់ក្នុងសង្គមកម្ពុជា ទាំងផ្នែកអភិវឌ្ឍន៍ ទេសចរណ៍ វប្បធម៌សហគមន៍ រួមទាំងវិស័យផ្សេងៗទៀត ។

លោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ តំណាងក្រុមហ៊ុន OPPO ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់ឱកាសដល់ក្រុមហ៊ុន OPPO ដើម្បីធ្វើកិច្ចសហការបង្កើតនូវកម្មវិធីការប្រកួតថតរូប “SEE CAMBODIA 2024” ដោយចែងចែកជា ៤ ប្រធានបទផ្សេងៗគ្នា ដែលមានការពាក់ព័ន្ធនឹងទេសចរណ៍ វប្បធម៌នៃប្រទេសកម្ពុជា និងបច្ចេកវិទ្យាសម័យថ្មី ។ លោកបន្ដថា ឆ្លងកាត់ការប្រកួតប្រជែងថតរូបអស់ជាច្រើនសប្តាហ៍ ដែលបេក្ខជនចូលរួមប្រកួតជាង ៦០០នាក់ បានធ្វើការជម្រុះយកតែ ២០នាក់ចុងក្រោយ ដើម្បីប្រកួតវគ្គផ្តាច់ព្រាត់យកចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥លើប្រធានបទ បច្ចេកវិទ្យាឧស្សាហកម្ម 4.0 នៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner