រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ពេលមកទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក និងបើមិនមានការប្រែប្រួលទេ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅពេលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅកម្ពុជា នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀម ខ្លនទទួលតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក រយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ ក្នុងពេលឆាប់ៗនេះ។
ឯកឧត្តម ជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ យើងកំពុងសំរបសំរួលរៀបចំអោយមានជំនួបរវាងឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក បាននិងកំពុងត្រូវ បានលើកកម្ពស់នៅក្នុងវិស័យនានាជាច្រើន។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញ បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម ជុំ សុន្ទរី បានបន្តទៀតថា ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជា កំពុងត្រៀម ខ្លួនទទួលតួនាទីជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក រយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ ក្នុងពេលឆាប់ៗនេះ។
ចំណែកអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក គឺដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិជាមួយមេដឹកនាំថ្មីរបស់កម្ពុជា។ វត្តមានរបស់លោករដ្ឋមន្ត្រី LIoyd Austin នៅកម្ពុជានាដើមខែមិថុនាខាងមុខ គឺជាដំណើរការទស្សនកិច្ចផ្លូវការលើកទី១។ ប៉ុន្តែបើនិយាយក្នុងក្របខណ្ឌប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីខែវិច្ឆិកា ឆ្នាំ២០២២នេះគឺជាលើកទី២។
សូមជម្រាបថា មុនដំណើរទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្រ្តីការពារជាតិអាមេរិក នឹងមកចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ចាប់ផ្តើមពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់ពីសន្និសីទនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងមកប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ច។ នៅក្នុងប្រទេសកម្ពុជា លោកនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន។ លោក Lloyd Austin ធ្លាប់មកប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលកាលនោះ លោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។ដំណើរទស្សនកិច្ចលើកទី១០របស់លោក Lloyd Austin មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កើតឡើងស្របពេលដែលក្រសួងការពារជាតិអាមេរិកបន្តពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងសម័ន្ធមិត្ត និងដៃគូ ដើម្បីគាំទ្រនូវទស្សនៈតំបន់រួមគ្នាសម្រាប់សន្តិភាព ស្ថិរភាព និងវិធានការបង្ការ៕
ដោយ៖ពលជ័យ