លើកទឹកចិត្ត និងផ្ដល់ឱកាសដល់ស្ត្រីក្នុងវិស័យទេសចរណ៍

បន្ទាយមានជ័យ៖សិក្ខាសាលាលើកកម្ពស់សិទ្ធិ តួនាទីនិង​តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត​បន្ទាយ​មានជ័យ។សិក្ខាកាមចូលរួមភាគច្រើនជាស្ត្រីមក​ពីសេវាកម្សាន្ត ។

ថ្លែងទៅកាន់សិក្ខាកាម លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បាន​លើកទឹកចិត្តដល់ស្ត្រីត្រូវចេះឱ្យ​តម្លៃ​ខ្លួនឯង និងត្រូវមានជំនឿ​ជាក់​​លើសមត្ថភាពរបស់ខ្លួន។ស្រី្តក៏ត្រូវចេះក្ដាប់យកឱកាស ខណៈបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​​បាន​យក​ចិត្តទុកដាក់លើក​កម្ពស់​សិទ្ធិនិងបានផ្ដល់អាទិភាពស្ត្រី ទទួលតំណែងក្នុង​ស្ថាប័នរដ្ឋ។ដោយឡែក ក្រសួងទេសចរណ៍តែងបាន​លើក​កម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី និងបង្កើនភាពអង់​អាច​ដល់ស្ត្រី ដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ ក្រសួង និងស្ត្រី​ដែលប្រកប​មុខរបរក្នុងឧស្សាហកម្មទេសចរណ៍​ប្រកបដោយចីរភាព និងបរិយាបន្ន។

ទាក់ទងនឹងសិក្ខាសាលាលោកជំទាវបន្តថា នេះគឺការ​លើក​ទឹក​ចិត្តនិងផ្ដល់ឱកាសការងារដល់ស្ត្រីក្នុងវិស័យទេសចរណ៍។
ស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធ​មិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្ម​នៅក្នុងការ​លើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

ads banner