សាកលវិទ្យាល័យចំនួន១៧សហការជាមួយវិស័យឯកជន បណ្ដុះអ្នកដឹកនាំសហគ្រិនជំនាន់ថ្មី តាមរយៈកម្មវិធី SmartStart ULP

ភ្នំពេញ៖ សាកលវិទ្យាល័យចំនួន១៧ និងក្រុមហ៊ុន Smart Axiata ព្រមទាំង Impact Hub Phnom Penh (IHPP) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កម្មវិធី SmartStart Unipreneur Learning Platform (ULP) ដើម្បីបន្តវគ្គបណ្ដុះបណ្ដាលសហគ្រិនភាពតាមឌីជីថល និងភាពជាអ្នកដឹកនាំនៅកម្ពុជា ដល់ សិស្ស-និស្សិតនៅតាមបណ្តាសាកលវិទ្យាល័យជាដៃគូ ឱ្យទទួលបាននូវការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពបន្ថែមពីលើមុខជំនាញដែលកំពុងសិក្សា។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិស្ស-និស្សិតនៅតាមបណ្តាសាកលវិទ្យាល័យជាដៃគូ នឹងទទួលបានការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពបន្ថែមពីលើមុខជំនាញដែលកំពុងសិក្សា តាមរយៈការប្រើប្រាស់វិធីសាស្រ្តសិក្សាតាមបែបចម្រុះ និងការអនុវត្តគម្រោងផ្ទាល់ ជាពិសេសការបណ្តុះគំនិតអាជីវកម្មថ្មីៗ ឆ្លើយតបនឹងតម្រូវការផ្នែកបច្ចេកវិទ្យា សហគ្រិនភាព និងនវានុវត្តន៍។ ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីលើកកម្ពស់សហគ្រិនភាព និងបានថ្លែងថា ការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងភាពជាអ្នកដឹកនាំ មានសារៈសំខាន់ខ្លាំងណាស់ ដោយពួកគាត់អាចរៀនពីរបៀបបង្កើតឌីជីថល ដើម្បីឆ្លើយតបទៅនឹងអាជីវកម្មគំរូថ្មីៗ ក៏ដូចជាសម្រាប់អ្នកដែលទើបចាប់ផ្តើមអាជីវកម្មថ្មី។

នាឱកាសនោះដែរ កញ្ញា គឹម កុសុម៉ា នាយកប្រតិបត្តិនៃ Impact Hub Phnom Penh បានបញ្ជាក់ថា យើងបានចាប់ផ្តើមកម្មវិធីដោយសាកល្បងជាមួយសាកលវិទ្យាល័យចំនួន៤ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៩។ ការសាកល្បងជោគជ័យ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូសាកលវិទ្យាល័យនៅក្រៅទីក្រុងភ្នំពេញ បានជំរុញទឹកចិត្ត និងអនុញ្ញាតឱ្យពួកយើងពង្រីកវគ្គសិក្សារបស់យើងទៅកាន់ខេត្តផ្សេងទៀតដូចជាខេត្តសៀមរាប បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ។ កញ្ញាមានអារម្មណ៍រំភើបខ្លាំង ដែលបានឃើញកម្មវិធីនេះ ក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សិស្ស-និសិត្ស។ កញ្ញា គឹម កុសុម៉ា បន្ថែមថា ជាផ្នែកមួយនៃភាពជាដៃគូរបស់យើង យើងផ្តល់ជូននូវវេទិកាសិក្សាដែលនិសិត្សអាចរៀនពីទូរសព្ទដៃ និងឡេបថប់របស់ពួកគេផ្ទាល់។ នៅលើកម្មវិធីសិក្សា និសិត្សអាចចូលរៀន ១៥វគ្គ
ជាមួយនឹងការណែនាំអំពីរបៀបបង្កើតគំនិតអាជីវកម្ម។

គួរជម្រាបបន្ថែមថា ក្រុមហ៊ុន Impact Hub Phnom Penh និង Smart Axiata បានចាប់ដៃគូ ដើម្បីជំរុញការផ្លាស់ប្តូរនៅក្នុងការអប់រំសហគ្រិនភាពក្នុងប្រទេសកម្ពុជា ជាពិសេសនៅថ្នាក់ឧត្តមសិក្សា បន្ទាប់ពីមើលឃើញគម្លាតរវាងជំនាញសិស្ស និងទីផ្សារការងារ។ ពោលគឺគ្មានមានជំនាញទន់ និងបច្ចេកទេសចាំបាច់សម្រាប់ទីផ្សារការងារទំនើប ក៏ដូចជាកង្វះផ្នត់គំនិតសហគ្រិន ក្នុងចំណោមនិស្សិត សម្រាប់ជីវិត និងអាជីពនាពេលអនាគតរបស់ពួកគេ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner