កម្ពុជា និងពិភពលោក ប្រារព្ធទិវាអន្តរជាតិ២៩ឧសភា រំលឹកដឹងគុណអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ (Video Inside)

កម្ពុជា និងបណ្តាតំណាងរដ្ឋាភិបាលប្រទេសនានា បានរៀបចំទិវា២៩ឧសភា នៃពិធីគោរពវិញ្ញាណក្ខន្ធអ្នកពលិក្នុងបុព្វហេតុថែរក្សាសន្តិភាពរបស់សកលលោក។

ពិភពលោកជារៀងរាល់ថ្ងៃទី២៩ឧសភា តែងប្រារព្ធទិវាអន្តរជាតិរបស់អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងគោរពវិញ្ញាណក្ខ័ន្ធ ចំពោះអ្នកពលិទាំងឡាយដែលបំរើការពារសន្តិភាព នៅតាមកន្លែងប្រកបដោយគ្រោះថ្នាក់បំផុត នៅលើសកលលោក។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោកនាយឧត្តមសេនីយ៍ ទៀ សីហា និងតំណាងរដ្ឋាភិបាលពីប្រទេសនានា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធទិវាអន្តរជាតិនេះ នៅមជ្ឈមណ្ឌលសាលាហ្វឹកហ្វឺនពហុសាសន៍ ACO ក្នុងខេត្តកំពង់ស្ពឺ។

មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក Joseph Scheuer ចូសិប ស៊ូអើ បានថ្លែងនៅថ្ងៃទី២៩ឧសភាថា «ថ្ងៃនេះអ្នកទាំងអស់គ្នាមានការចងចាំ សមាជិកអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាតិ ដែលបានបាត់បង់ជីវិត ក្នុងបុព្ធហេតុថែរក្សាសន្តិភាព»។

អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានបុគ្គលិកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង ១លាននាក់ ដែលជាប្រតិបត្តិករពីបណ្តាប្រទេសនានា ស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងចំណោមនោះ យុទ្ធជនយុទ្ធនារីថែរក្សាសន្តិភាព ចំនួន ៤ពាន់ ៣៧៤នាក់ បានពលីជីវិត ក្នុងនោះរួមមានកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា ចំនួន ១១នាក់ផងដែរ។

ads banner