សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដោយយើងមិនទុកឱ្យយបយន់សុបិន្តច្រើនទេ ព្រោះស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃ ទាល់តែធ្វើតែម្ដង។ ការបញ្ជាក់នេះ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»​ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ព្រែកជីកហ្វូណនតេជោ នឹងមានតម្លៃជាប្រវត្តិសាស្ត្រដូចប្រាង្គប្រាសាទនានា ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យយើងជំនាន់នេះដែរ។ សម្តេចធិបតីបានបញ្ជាក់ទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើ រការសាងសង់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះ។ គម្រោងនេះមានការចូលរួមភាគហ៊ុនពីខ្មែរច្រើន។ ព្រែកជីកហ្វូណន ជាគម្រោងដែលមិនធ្លាប់មានដោយមានលក្ខណៈជាតិនិយមដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា កិច្ចការងារនេះ យើងមិនដំអក់ទេ។ ព្រែកជីកនេះ ទៅថ្ងៃមុខ ពេលដែលចាប់ផ្ដើមសាងសង់ និងមានប្រជាជនខ្មែរចូលរួមភាគច្រើន ពិតណាស់ គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីក្រុមហ៊ុនទាំងនោះមានបច្ចេកទេស និងទុនវិនិយោគមួយចំនួន ប៉ុន្ដែឥឡូវនេះ រាជរដ្ឋាភិបាលបានចរចា ហើយខ្មែរយើងនឹងមានទុនវិនិយោគភាគច្រើន ចំពោះគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ។ ការបើកការដ្ឋានមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ស្រមៃច្រើនពេក។ ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង អីចឹងយើងនឹងបើកការដ្ឋាននៅខែ៨ (ខែសីហា) តែម្ដង ដើម្បីស្ថាបនាព្រែកជីកហ្វូណនតេជោនេះតែម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថាឱ្យតែស្មារតីខ្មែររួមគ្នា ដាក់ចិត្តធ្វើ ខ្មែរធ្វើបាន។ គម្រោងព្រែកជីកហ្វូណនតេជោប៉ុណ្ណេះខ្មែរធ្វើបាន បើទោះពីជាគ្មាការចូលរួម វិនិយោគពីណាក៏ដោយក៏ខ្មែរអាចធ្វើបានដែរ។

គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ផ្លូវចរាចរណ៍តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ។ ចំណាយថវិកា ១៧០០ លានដុល្លារ (រដ្ឋមិនមែនខ្ចីលុយបរទេសមកសាងសង់នោះទេ។ គម្រោងនេះស្ថិតនៅក្នុងទម្រ់ងវិនិយោគ BOT (កិច្ចសន្យាសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿន ព្រះសីហនុ និងគម្រោងព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅដែរ។ ទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
ឆ្លងកាត់ ៖ ខេត្តចំនួន ០៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ចំនួនប្រជាជន ៖ សរុប ១,៦លាននាក់ (រស់នៅអមសងខាងព្រែកជីក)។
ទំហំ៖ទទឹងខាងលើ ១០០ ម៉ែត្រ ទទឹងខាងក្រោម ៨០ ម៉ែត្រ និងជម្រៅ ៥,៤ ម៉ែត្រ (បញ្ជាក់៖ ជម្រៅ នាវា ៤,៧ ម៉ែត្រ)។
ហេដ្ឋារចនាសម្ព័ន្ធ៖សន្ទះផ្លូវនាវាចរណ៍ ០៣ កន្លែង ស្ពាន ១១ កន្លែង ផ្លូវអមសងខាងប្រវែង ២០៨ គីឡូម៉ែត្រ។
អត្ថប្រយោជន៍៖ ការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ ពាណិជ្ជកម្មនិង មជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញ ការរីកចម្រើនផ្នែកអចលនទ្រព្យ៕
ដោយ៖ពលជ័យ
រូបភាព៖នួន សុធាឫទ្ធិ

ads banner