រដ្ឋលេខាធិការក្រសួងការបរទេសពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា

ភ្នំពេញៈ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Andrew Herrup ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្កែផ្ការវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន ។ជំនួបបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាឯកឧត្តម ជុំ សុន្ទរី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន រួមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ,ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ,ការកើនឡើងនូវវត្តមានរបស់ក្រុមហ៊ុនអាមេរិកនានានៅកម្ពុជា ,កិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌និងវត្ថុបុរាណ ,កិច្ចសហប្រតិបត្តិការលើការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន (POW/MIA) ដែលកម្ពុជាត្រូវបានចាត់ទុកថាជា “ដៃគូដ៏ល្អបំផុត” និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យសុខាភិបាល អប់រំ មាតុភូមិនិវត្តន៍ និងទេសចរណ៍។ ឯកឧត្តមបានបង្ហាញពីសុទិដ្ឋិនិយមចំពោះការរីកចម្រើនបន្តទៅទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី។
កិច្ចពិភាក្សានេះ ក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានផងដែរ ខណៈដែលកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកសម្រាប់រយៈពេលបីឆ្នាំពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ នៅខែកក្កដាខាងមុខ៕ ដោយៈសួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner