គជបបញ្ជាក់ភាពគ្មានកំហុសនូវតួលេខលទ្ធផលប្រកាសបណ្តោះអាសន្ន (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអណ្ណត្តិទី៤ នៅថ្ងៃទី៣០ឧសភានេះ ជាមួយការបញ្ជាក់ថា គេមិនបានរកឃើញនូវកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះឡើយ។

ការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តនៅថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សខ្មែររួបរួមជាតិ។

ការប្រកាសមិនបានរកឃើញនូវកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះ គឺមួយថ្ងៃមុនពេលដែលត្រូវប្រកាសលទ្ធផលបណ្តោះអាសន្ន។

ការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី៣០ឧសភានេះ បានចូលរួមសង្កេតការណ៍ពីតំណាងគណបក្សនយោបាយ និងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

អគ្គលេខាធិការរង គជប លោក ម៉ុក ដារ៉ា បានឱ្យដឹងថា គជប បានបែងចែកជា៥ក្រុម ក្នុងការផ្ទៀងផ្ទាត់នេះ ដោយក្នុង ១ក្រុម ធ្វើការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ចំនួន៥ខេត្ត សរុបទាំងអស់ចំនួន២៥រាជធានី-ខេត្ត។

ការប្រកាសលទ្ធផលបណ្តោះអាសន្ននឹងធ្វើនៅថ្ងៃទី១មិថុនាស្អែកនេះ។ ចំណែកការប្រកាសលទ្ធផលជាផ្លូវការនឹងគ្រោងធ្វើនៅថ្ងៃទី៨មិថុនាឆ្នាំ២០២៤។

ads banner