ឯកឧត្តម ហួត ហាក់ ៖ មន្ត្រីអធិការកិច្ច ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ព្រមទាំងត្រូវប្រកាន់គោលការណ៍ និងពន្យល់ដល់ភាគីពាក់ព័ន្ធ ឱ្យយល់ច្បាស់អំពីការងារអធិការកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច មានប្រសាសន៍ថា ជាមន្ត្រីអធិការកិច្ចត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពរងអធិការកិច្ចចំណុះក្រសួង ស្ថាប័ន ព្រមទាំងត្រូវប្រកាន់គោលការណ៍ និងពន្យល់ដល់ភាគីពាក់ព័ន្ធ ឱ្យយល់ច្បាស់អំពីការងារអធិការកិច្ច ដែលមិនមែនសំដៅ ចុះទៅតែចាប់កំហុសនោះទេ តែជួយកែតម្រូវ កែម្អនិងសហការ (លើកលែងកំហុសធ្ងន់ធ្ងរ ដែលត្រូវអនុវត្តវិធានការច្បាប់) ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងតម្លាភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។

ការថ្លែងបែបនេះរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់ទី៦ វគ្គ១+២ និងប្រគល់វិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥២រូប មកពីបណ្តាក្រសួង ស្ថាប័ន ចំនួន ១១ សាលារាជធានី ខេត្ត ចំនួន ៥ និងតាមបណ្តាខណ្ឌទាំង១៤ រៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតំលៃខ្ពស់ចំពោះវិទ្យាស្ថានជាតិអធិការកិច្ច និងគ្រូឧទ្ទេសនាមទាំងអស់ ដែលបានប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាល រយៈ ពេលវេលា៨ថ្ងៃពេញ សម្រេចបានលទ្ធផលល្អ យកចិត្តទុកដាក់រៀនសូត្រ ចែករំលែកចំណេះដឹង រហូតបញ្ចប់ការសិក្សា ជាមួយលទ្ធផលល្អប្រសើរគួរជាទីកត់សម្គាល់។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់រំលឹកជូនអង្គពីធីអំពីសារៈសំខាន់នៃវិស័យអធិការកិច្ច ក្នុងការរួមចំណែកលើកកម្ពស់ការដឹកនាំ គ្រប់គ្រងរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សុចរិតភាព ដើម្បីឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនសិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលសូមខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹងវិជ្ជាជីវៈ សមត្ថភាពឱ្យបានជាប់ជាប្រចាំ ព្រមទាំងយកចំណេះដឹង និងសមត្ថភាពដែលខ្លួនមាន ទៅបំពេញការងារនៅអង្គភាពរបស់ខ្លួន ដើម្បីបង្កើតស្នាដៃ និងលទ្ធផលជូនអង្គភាពរៀងៗខ្លួន និងសូមឱ្យសិក្ខាកាមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់មន្ត្រីអធិការកិច្ច ដែលជាលក្ខណសម្បត្តិនៃវិជ្ជាជីវៈអធិការកិច្ច ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner