លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់​សប្បុរស​ជនទាំងអស់ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពា​វនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស​មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដូច្នេះ ក្នុងឱកាសអញ្ជើញ​ជួប​សំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបចំនួន ៦៥០ នាក់ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីជួយដល់កុមារកម្ពុជា នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ​បណ្ឌិត ប្រធានកិត្តិយស បានថ្លែងកោតសរសើរចំពោះគណៈ​គ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបាន​ខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយព្យាបាលជំងឺ​ដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ។

ក្នុងនាមជា ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណ​អស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមាន​ទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដែលបានចូលរួមគាំទ្រ និងបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់ ក្រោយយុទ្ធនាការនេះ​ត្រូវបាន​ផ្សព្វផ្សាយជាសាធារណៈ ដោយគិតចាប់តាំងពីថ្ងៃទី២៨ ខែ​ឧសភា រហូតមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ មាន​សប្បុរស​ជនបានចូលរួមប្រមាណ ៧ ម៉ឺននាក់ គិតជាថវិកា​មានចំនួនប្រមាណ ៥៦ ម៉ឺនដុល្លារ អាម៉េរិកដែល​នេះសបញ្ជាក់​ឱ្យឃើញពីការចូលរួមយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល ។
ជាមួយនេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ផងដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេលមួយខែ ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយលោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជនទាំង​អស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ រហូតដល់ថ្ងៃបិទយុទ្ធនា​ការនេះ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner