ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងថ្វាយព្រះភ្លើងនៅព្រឹកនេះ

ភ្នំពេញ៖ តាំងពីព្រលឹមស្រាងៗ វេលាម៉ោង៥ភ្លឺមក គេសង្កេតឃើញក្បួនដង្ហែនេះ ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាម មហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូព្រះសង្ឃជាតិ និងអន្តរជាតិមកពី១២ប្រទេស ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើការដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាលើកចុងក្រោយ ដើម្បីថ្វាយព្រះភ្លើង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ត្រូវបង្ហូត មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

ប្រតិភូព្រះសង្ឃអន្តរជាតិ មកពី១២ប្រទេស ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព អភិសេកព្រះបរមអដ្ឋិ និងឆាកមហាបង្សុកូល ខួបគម្រប់១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ គណៈប្រតិភូព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ម៉ុងហ្គោល វៀតណាម ស្រីលង្កា ឥណ្ឌា ឡាវ ជប៉ុន ចិន កូរ៉េ សឹង្ហបុរី ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner