ថ្វាយព្រះគោរមងារ “ព្រះមហាវីរសង្ឃសិរីធម្មរាជ” ចំពោះព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស

ភ្នំពេញ៖ ព្រះគោរមងារ“ព្រះមហាវីរសង្ឃសិរីធម្មរាជ” ត្រូវបានថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃអាទិត្យទី២ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ព្រះគោរមងារកិត្តិយស “ព្រះមហាវីរសង្ឃសិរីធម្មរាជ ដែលមានករុណាដ៏ជ្រាលជ្រៅបំផុត និងជាគូ្រនៃមាគ៌ាដ៏បរិសុទ្ធរបស់ពុទ្ធសាសនា”។ លើសពីនេះទៅទៀត ការសម្រេចថ្វាយព្រះគោរម្យងារនេះ ក៏ជាការទទួលស្គាល់នូវព្រះតួនាទីរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលសម្តេចជាព្រះសមាជិកស្ថាបនិក និងជាព្រះអនុប្រធាននៃជំនួបកំពូលពុទ្ធសាសនា ហើយសម្តេចបានយាងចូលរួមជំនួបកំពូលព្រះពុទ្ធសាសនាលើកដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលឆ្នាំ១៩៩៨។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា ការថ្វាយព្រះគោរមងារកិត្តិយសនេះ មិនគ្រាន់តែជាការថ្វាយព្រះកិត្តិយសចំពោះសម្តេចជាអម្ចាស់និងជាមោទនភាពសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមវិភាគទានមួយថ្មីទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន និយាយជារួម និង និយាយដោយឡែក គឺការពង្រឹងទំនាក់ទំនងរវាងគណៈសង្ឃព្រះពុទ្ធសាសនានៅកម្ពុជា និងអង្គការជំនួបកំពូលពុទ្ធសាសនាផងដែរ។

ឯកឧត្តម វង្សី វិស្សុតមានជំនឿយ៉ាងមុតមាំថា ការពង្រឹងទំនាក់ទំនងនេះ ពិតជានឹងបន្តចូលរួមចំណែកដល់ការពង្រឹងសាមគ្គីភាពក្នុងចំណោមពុទ្ធសាសនិក ទូទាំង ៥ ទ្វីប ក៏ដូចជា ដើម្បីពង្រីកការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីសន្តិភាព និងភាពសុខសាន្តរបស់មនុស្សជាតិនៅលើភពផែនដីនេះ។

សូមជម្រាបជូនថា នៅល្ងាចថ្ងៃទី២ ខែមិថុនានេះ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និមន្ត និងអញ្ជើញជាអធិបតីព្រះរាជពិធីថ្វាយគោរមងារកិត្តិយស «មហាវីរសង្ឃសិរីធម្មរាជ» ចំពោះព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីអង្គការសន្និសីទពុទ្ធសាសនាពិភពលោក តំណាងអ្នកកាន់ព្រះពុទ្ធសាសនាពិភពលោក ៥១ ប្រទេស៕
ប្រភព និងរូបភាពAKP

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner