លោក Zelensky អរគុណលោក Marcos សម្រាប់ការគាំទ្រអធិបតេយ្យភាពអ៊ុយក្រែន

ម៉ានីល៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyបានថ្លែងអំណរគុណដល់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr សម្រាប់ការគាំទ្រ និងការទទួលស្គាល់របស់ហ្វីលីពីន ចំពោះអធិបតេយ្យភាពអ៊ុយក្រែន ខណៈដែលទីក្រុង Kyiv នៅតែបន្តដោះស្រាយបញ្ហាឈ្លានពានរបស់រុស្ស៊ី។

មេដឹកនាំអ៊ុយក្រែន ដែលបានទៅដល់ប្រទេសហ្វីលីពីន ក្រោយពេលចាកចេញពីប្រទេសសិង្ហបុរីរូបនេះ ក៏បានអរគុណ ជាពិសេសចំពោះតួនាទីរបស់ហ្វីលីពីន នៅក្នុងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ (UN) ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

ចាប់តាំងពីសង្គ្រាមរវាងទីក្រុងមូស្គូ និងគៀវបានផ្ទុះឡើង កាលពីពីរឆ្នាំមុន ហ្វីលីពីនបានបោះឆ្នោតគាំទ្រដំណោះស្រាយចំនួនប្រាំមួយ នៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងគ្រាអាសន្នពិសេសស្តីពីអ៊ុយក្រែន ហើយបានគាំទ្រយ៉ាងខ្ជាប់ខ្ជួន នូវអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់ទីក្រុងគៀវ។

ជំនួបរវាងមេដឹកនាំទាំងពីរបានធ្វើឡើង បន្ទាប់ពីពួកលោកបានចូលរួមកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរី ដែលជាកិច្ចប្រជុំកំពូល ទាក់ទងនឹងកិច្ចការពារជាតិ នៅអាស៊ី កាលពីចុងសប្តាហ៍៕

ប្រភពពី Philippine News Acency ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner