អេហ្ស៊ីបបន្តទម្លាក់ជំនួយមនុស្សធម៌ ដល់តំបន់ហ្គាហ្សា
បរទេស៖ ក្រសួងការពារជាតិអេហ្ស៊ីប បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសហការជាមួយប្រទេស ហ្ស៊កដានី និង អេមីរ៉ាត់ អារ៉ាប់រួម ខ្លួនបានបន្តទម្លាក់ជំនួយមនុស្សធម៌ រាប់សិបតោន ទៅកាន់តំបន់ ហ្គាហ្សា ស្ទ្រីប ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ គិតមកដល់ថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា យន្តហោះទម្លាក់ជំនួយនេះ មានគោលបំណងកាត់បន្ថយភាពធ្ងន់ធ្ងរ នៃស្ថានការណ៍មនុស្សធម៌ និងបញ្ជូនជំនួយក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីជួយសង្រ្គោះប្រជាជន នៅតំបន់ហ្គាហ្សា ស្ទ្រីប។

បើតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសអេហ្ស៊ីបបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួន ចំពោះបុព្វហេតុប៉ាឡេស្ទីន ដោយជំរុញសហគមន៍អន្តរជាតិ អនុវត្តការទទួលខុសត្រូវ តាមរយៈការប្រឈមុខដោះស្រាយការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា។
ច្រកឆ្លងកាត់តំបន់ Rafah ត្រូវបានបិទ ចាប់តាំងពីអ៊ីស្រាអែលបង្កើនប្រតិបត្តិការរបស់ខ្លួន នៅក្នុងតំបន់ Gaza ដោយបានដាក់ពង្រាយកងទ័ពជើងគោក ទៅទីនោះ ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប តាំងពីថ្ងៃទី ៧ ខែឧសភា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត