សិង្ហបុរី-អ៊ុយក្រែនចុះកិច្ចព្រមព្រៀងតភ្ជាប់ផ្លូវអាកាស

សិង្ហបុរី៖ ប្រទេសសិង្ហបុរី និងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងត្រួសត្រាយផ្លូវ សម្រាប់បង្កើនការតភ្ជាប់ផ្លូវអាកាស រវាងប្រជាជាតិទាំងពីរ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី ហៅកាត់ CAAS បាននិយាយ តាមរយៈសេចក្តីប្រកាសព័ត៌មានថា កិច្ចព្រមព្រៀងនេះគាំទ្រការតភ្ជាប់ផ្លូវអាកាស រវាងប្រទេសទាំងពីរ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍នៃភាគីទាំងពីរដំណើរការប្រេកង់ គ្មានដែនកំណត់ នៃសេវាដឹកអ្នកដំណើរ និងទំនិញ។

CAAS បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងអាកាសចរណ៍ទ្វេភាគី ដោយមិនមានការរឹតបន្តឹងលើសមត្ថភាព ផ្លូវហោះហើរ ឬ ប្រភេទយន្តហោះឡើយ ហើយវាគឺជាកិច្ចព្រមព្រៀង ជំនួសកិច្ចព្រមព្រៀងដែលធ្លាប់មាន កាលពីឆ្នាំ២០១១។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និង លោក ប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោក Zelenskyy បានទៅដល់ប្រទេសសិង្ហបុរី ដើម្បីចូលរួមសន្និសីទសន្តិសុខកំពូលរបស់អាស៊ី ឬ កិច្ចសន្ទនា Shangri-La និងបំពេញទស្សនកិច្ចផ្លូវការផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានជួបជាមួយប្រធានាធិបតីសិង្ហបុរី Tharman Shanmugaratnam ផងដែរ ដោយភាគីទាំងពីរបានអះអាងពីការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។ ប្រធានាធិបតីទាំងពីរមានការពិភាក្សាយ៉ាងទូលំទូលាយអំពីការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិ ហើយបានយល់ព្រមលើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះនានា នេះបើតាមក្រសួងការបរទេសសិង្ហបុរី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner