លោក មាជ សុវណ្ណារ៉ា នឹងទៅធ្វើជាប្រធានគណបក្សជំនាន់ថ្មី

ភ្នំពេញ៖ លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សប្រឆាំង នឹងជាមនុស្សជំនិតរបស់លោក កឹម សុខា នឹងទៅធ្វើជាមេដឹកនាំគណបក្សជំនាន់ថ្មី។ តាមកម្មវិធី គណបក្សជំនាន់ថ្មី នឹងរៀបចំប្រារព្ធកម្មវិធីសមាជលើកដំបូងរបស់ខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ AMS ឱ្យដឹងថា សមាជនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសរើសលោក មាជ សុវណ្ណារ៉ា ឱ្យធ្វើជាប្រធានគណបក្សជំនាន់ថ្មី។ ចំណែកអនុប្រធាន ២រូប គឺ. លោក ប៉ាត មុន្នី និងលោក ជឹង វិទ្យាឫទ្ធិ។

សូមជម្រាបថា លោក មាជ សុវណ្ណារ៉ា និងបក្ខពួកជាប់ចោទពីបទ «ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម» ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ។ លោក មាជ សុវណ្ណារ៉ា បានជាប់ពន្ធនាគារជិត៤ឆ្នាំ ពាក់ព័ន្ធធ្វើកូដកម្មនៅទីលានប្រជាធិបតេយ្យក្នុងឆ្នាំ២០១៤ ហើយត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨នេះ។ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១៣រូបនេះ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីពួកគេបានសរសេរលិខិតស្នើសុំលើកលែងទោសទៅប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា កាលពីពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១រូប ចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទចូលរួមក្នុងចលនាកុបកម្មតាមមាត្រា៤៥៧នៃក្រមព្រហ្មទណ្ឌ និងបទដឹកនាំកុបកម្មតាមមាត្រា៤៥៩នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី១៥​ខែកក្កដា ឆ្នាំ២០១៤ នៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ដោយ៖ពលជ័យ

ads banner