សិស្សានុសិស្សជាង ៥ពាន់នាក់ ចូលរួមទស្សនាពិព័រណ៍ជំនាញសិក្សាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំពិព័រណ៍ជំនាញសិក្សារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមទស្សនាជាង ៥ពាន់ នាក់ ភាគច្រើនជាសិស្សវិទ្យាល័យថ្នាក់ទី១២។ក្នុងកម្មវិធីនេះ បុគ្គលិក និស្សិត និងសាស្ត្រាចារ្យរបស់ សាកលវិទ្យាល័យ បានស្វាគមន៍ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ ហើយបានបង្កើតបរិយាកាសដ៏រំភើបរីករាយដែលបង្ហាញពីភាពជោគជ័យរបស់ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត។

លោក សាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានលើកឡើងថា “យើងពិតជារំភើបក្នុងការរៀបចំកម្មវិធី នេះឡើង និងចែករំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូនវគ្គតម្រង់ទិសទៅកាន់សិស្សានុសិស្ស អោយបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។” លោកសាស្រ្តាចារ្យបន្ថែមថា “ព្រឹត្តិការណ៍នេះគឺមានសារៈសំខាន់ក្នុងការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងផ្តល់ឱ្យពួកគេនូវឱកាស និងការអប់រំដែលចាំបាច់ដើម្បីអោយសិស្សានុសិស្សទទួលបាន អាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេលអនាគត។

បន្ថែមពីលើនេះទៀតប្អូនៗសិស្សានុសិស្សក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាពជាច្រើនដែលមានដាក់តាំងបង្ហាញក្នុងកម្មវិធីនេះផងដែរ។ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏បាននបញ្ចូលនូវកម្មវិធី ស្ទែម (STEM) ផងដែរ ដែលជំនាញនេះនឹងនាំឱ្យនិស្សិតបញ្ចប់ការសិក្សា ទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀរវត្តន៍ខ្ពស់។
ពិព័រណ៍ជំនាញសិក្សានេះ គឺជាកម្មវិធីមួយដែលដើរតួយ៉ាងសំខាន់ជាពិសេសសម្រាប់សិស្សានុសិស្ស សិក្សានៅវិទ្យាល័យដើម្បីស្វែងយល់ពីបទពិសោធន៍ជីវិតសិក្សានៅសាកលវិទ្យាល័យ និងត្រៀមលក្ខណៈសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏មានឱសថស្ថាន និងមន្ទីរពេទ្យបង្រៀនជំនាញទន្តវទនសាស្រ្តធំជាងគេនៅព្រះរាជាណាចក្យកម្ពុជា។សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្រ្តសុខាភិបាល (ទន្តវទនសាស្រ្ត វេជ្ជសាស្ត្រ ឱសថសាស្រ្ត គិលានុបដ្ឋាយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ក៏ដូចជាជំនាញវិទ្យាសាស្រ្តព័ត៌មានវិទ្យា វិទ្យាសាស្រ្តស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។ ថ្មីៗនេះសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក៏បានបង្កើត ថ្នាក់សិក្សាអន្តរជាតិ ដែលផ្តល់ជូននិស្សិតក្នុងការបន្តការសិក្សាទៅកាន់សាកលវិទ្យាល័យដៃគូដែលមានទីតាំងនៅចក្រភពអង់គ្លេស និងប្រទេសអូស្រ្តាលីផងដែរ ៕




ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា