ត្រឹម៤ខែ ថៃចាយជាង ២២លានដុល្លារនាំចូលទុរេនពីវៀតណាម

បាងកក៖ ប្រទេសថៃបាននាំចូលផ្លែទុរេនវៀតណាមក្នុងតម្លៃ ២២,៥លានដុល្លារក្នុងចន្លោះខែមករា ដល់ខែមេសា កើនឡើង ៨២ភាគរយ ធ្វើឲ្យថៃក្លាយជាប្រទេស នាំចូលទុរេនធំជាងគេទីពីររបស់វៀតណាម។

អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) លោក Dang Phuc Nguyen បាននិយាយថា ការនាំចូលរបស់ប្រទេសថៃបានកើនឡើង ដោយសារតែជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបានកាត់បន្ថយទិន្និផល និងការផ្គត់ផ្គង់ផ្លែទុរេនក្នុងស្រុករបស់ខ្លួន។ លោកបន្តថា ទោះបីមានឈ្មោះជាប្រទេសនាំចេញទុរេនឈានមុខគេក៏ដោយ ក៏ថៃនៅតែត្រូវការការនាំចូលទុរេន ដើម្បីបំពេញតម្រូវការក្នុងស្រុក និងភ្ញៀវទេសចរ។

សារព័ត៌មានថៃ The Nation បានដកស្រង់សម្តីលោក Aat Pisanwanich អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ ចេញផ្សាយថា អាកាសធាតុក្តៅខ្លាំងអាចនឹងកាត់បន្ថយការដាំដុះផ្លែទុរេនរបស់ប្រទេសថៃរហូតដល់ ៤២ភាគរយ ឬប្រហែល ៥៤០,០០០តោន។

ក្នុងរយៈពេល៤ខែដើមឆ្នាំ ចិនដែលជាប្រទេសនាំចូលទុរេនធំជាងគេរបស់វៀតណាម បាននាំចូលទុរេនមានតម្លៃ ៤៣២លានដុល្លារ កើនឡើង ១៦៨ភាគរយ បើធៀបនឹងឆ្នាំមុន។ គិតក្នុងខែមេសាតែមួយប៉ុណ្ណោះ ចិនបានចំណាយប្រាក់ចំនួន ២០៤លានដុល្លារទិញទុរេនពីវៀតណាម កើនឡើង ៦.៥ដង ធៀបនឹងឆ្នាំមុន នេះបើយោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit)។

សូមបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៤ វៀតណាមរកចំណូលបាន ២១៧លានដុល្លារពីការនាំចេញទុរេន កើនឡើង ៤៨៧ភាគរយ បើធៀបនឹងឆ្នាំមុន។ សរុបរយៈពេល ៤ខែដើមឆ្នាំមកនេះ វៀតណាមរកចំណូលបាន ៤៧០លានដុល្លារ កើនឡើង ១៤៦ភាគរយ ពីការនាំចេញផ្លែទុរេន៕

ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner