ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ៖ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ
(កំពង់ស្ពឺ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនាមតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៨៨នាក់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលា បានរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាលសាលានគរបាលជាតិភូមិភាគ៣ ក៏ដូចជាសាលានគរបាលជាតិ ភូមិភាគនានាដែរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ ជាពិសេស ការបណ្តុះបណ្តាលមន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាល និងសិស្សនគរបាលក្របខណ្ឌថ្មីមកពីអង្គភាពចំនួន៦ រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ កំពត កោះកុង ព្រះសីហនុ កែប និងតាកែវ។ ចាប់ពីពេលបង្កើតរហូតមកដល់ពេលនេះ សាលាបាន បណ្តុះបណ្តាលកងកម្លាំងនគរបាល សរុបចំនួន ៧៣៤០នាក់ នារី៦៥៤នាក់។ ជាមធ្យម សាលាបានបណ្តុះបណ្តាល សិក្ខាកាមនគរបាលនិងសិស្សនគរបាល សរុបចំនួន ៥០០នាក់ ក្នុងមួយឆ្នាំៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានលើកឡើងថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញ នូវផែនការកំណែ ទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្តោត សំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹង ការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការ នៃអង្គភាពនគរបាល ។

ឯកឧត្តម បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាព យ៉ាងឆាប់រហ័សរបស់សាលានគរបាលជាតិភូមិភាគ៣ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ក្នុង យុគសម័យនៃសន្តិភាព និងប្រទេសជាតិ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវ ការនៃការបណ្តុះបណ្តាល ប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ ការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ទស្សនវិស័យជឿនលឿន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៣។ ឯកឧត្តម ក៏បានថ្លែងកោតសរសើរ ដល់សិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យរបស់សាលាបានល្អ រហូតទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើដល់សិស្ស នគរបាលជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹងនិងជំនាញ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិង សង្គមជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានផ្តល់កិត្តិយស ប្រគល់វិញ្ញាបនបត្រសិក្សា ដល់សិស្សនគរបាលជ័យលាភីជានិមិត្តរូប ចំនួន ២០រូប ផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
ប្រភព ៖ ខេត្តកពង់ស្ពឺ