OPEC+ យល់ព្រមបន្តកាត់បន្ថយទិន្នផលប្រេង
វីយែន៖ ក្រុមប្រទេសផលិតប្រេង OPEC+ កាលពីថ្ងៃអាទិត្យ បានយល់ព្រមបន្តកាត់បន្ថយផលិតកម្មប្រេងរបស់ពួកគេរហូតដល់ចុងឆ្នាំ២០២៥ ក្នុងគោលបំណងគាំទ្រតម្លៃ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមប្រទេសជួញដូរប្រេងមានសមាជិកចំនួន១២ និងសម្ព័ន្ធមិត្តចំនួន១០ របស់ខ្លួន បានសម្រេចចិត្តកាត់បន្ថយការផលិតប្រេងឆៅ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ការផ្គត់ផ្គង់ប្រេងឆៅសរុបនឹងត្រូវកាត់បន្ថយនៅត្រឹមចំនួនប្រហែលពីរលានបារ៉ែលក្នុងមួយថ្ងៃ។

តម្លៃប្រេងបានប្រែប្រួលតិចតួចប៉ុណ្ណោះ ចាប់តាំងពីកិច្ចប្រជុំលើកចុងក្រោយកាលពីខែវិច្ឆិកា មានតម្លៃប្រហែល ៨០ដុល្លារក្នុងមួយបារ៉ែល។ យោងតាមប្រភពពីសារព័ត៌មាន CNN បានឱ្យដឹងថា ប្រេងឆៅ Brent មានតម្លៃ ៨២ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះពីតម្លៃ ៩១ដុល្លារ។

រីឯប្រេងឆៅ West Texas Intermediate មានតម្លៃ ៧៨ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះពីតម្លៃ ៨៧ដុល្លារបារ៉ែល។ ការសម្រេចចិត្តនេះបានកើតឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងដៃគូចំនួន១០ របស់ខ្លួន ដែលដឹកនាំដោយប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០២២មក ក្រុមប្រទេសផលិតប្រេងបានអនុវត្តការកាត់បន្ថយការផ្គត់ផ្គង់ជាបន្តបន្ទាប់ នៅក្នុងការដេញថ្លៃមួយ ដើម្បីរក្សាស្ថេរភាពតម្លៃប្រេងដែលកំពុងកើនឡើង។ សមាជិក OPEC+ បច្ចុប្បន្នក៏បាននឹងកំពុងកាត់បន្ថយទិន្នផលប្រេងជិត ៦លានបារ៉ែលក្នុងមួយថ្ងៃផងដែរ ទាំងតាមរយៈការកាត់បន្ថយផលិតកម្មជាក្រុម និងការកាត់បន្ថយដោយស្ម័គ្រចិត្ត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
