យុវជនកម្ពុជា តារារិទ្ធិ នឹងធ្វើដំណើរដោយជិះកង់ពីកម្ពុជាទៅកាន់អឺរ៉ុបដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញ៖ យុវជនកម្ពុជា លោក ទីវ តារិទ្ធិ ដែលត្រូវបានអ្នកតាមបណ្តាញសង្គម ព័ត៌មាន ស្គាល់ថាជាអ្នកបង្កើតមាតិកានិងជាអ្នកចូលចិត្តជិះកង់ផ្សងព្រេងផ្លូវឆ្ងាយ បានសម្រេចចិត្តទៅតាមក្តីស្រមៃរបស់ខ្លួនក្នុងការបង្កើតកម្មវិធី “ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប”។ ក្នុងបេសកកម្មមនុស្សធម៌នេះ លោក តារារិទ្ធ នឹងធ្វើដំណើរច្រើនទីកន្លែងដោយចំណាយពេលធ្វើដំណើរឆ្លងកាត់លើសពី២៥ប្រទេស និងចំណាយពេលមួយឆ្នាំពេញ ក្នុងគោលបំណងនៃការធ្វើដំណើរនេះ ដើម្បីធ្វើការរៃអង្គាសប្រាក់ ឳ្យបានយ៉ាងតិច២៥ ម៉ឺនដុល្លារ យកមកជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យចំនួនពីរគឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

លោក ទីវ តារារិទ្ធិ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធី ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» នៅរសៀលថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ក្រោម អធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានថានមកដល់ពេលនេះ លោកបានជិះកងអស់រយៈពេលប្រាំមួយឆ្នាំហើយចាប់ពីឆ្នាំ២០១៧ មក ។លោក បានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ។លោកបន្តថា ប៉ុន្តែយើងនៅខ្វះខាតគឺមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។

យុវជនរូបនេះ បញ្ជាក់បន្ថែមថា ចាប់តាំងពីពេលនោះមកលោកមានបំណងប្រាថ្នាចង់ធ្វើអ្វីមួយឱ្យបានជាអត្ថប្រយោជន៍ ក៏ដូចជាឱកាសនៅក្នុងការចូលរួមចំណែកនៅក្នុងការជួយអភិវឌ្ឍនសង្គម។ យុវជន ទីវ តារិទ្ធិ បានគូសបញ្ជាក់ថា ដោយមានបទពិសោធន៍នៅក្នុងការជិះកង់ឆ្លងប្រទេស គឺនៅចុងឆ្នាំ២០១៨ បានធ្វើដំណើរទៅដល់ខេត្តឈៀងម៉ៃ ប្រទេសថៃ លោកទទួលបានបទពិសោធន៍យ៉ាងច្រើននៅក្នុងការធ្វើដំណើរនេះ ។ជាពិសេសនោះគឺការផលិតជាមាតិកាវីដេអូឯកសារ ដើម្បីបង្ហាញអំពីតំបន់ធនធានធម្មជាតិ វប្បធម៌ដ៏អស្ចារ្យ ប្រពៃណី ដ៏ផូរផង និងការរស់នៅរបស់យើងនក៏ដូចជាប្រជាជននៅក្នុងតំបន់អាស៊ាន ។

កាលពីឆ្នាំ២០២៣ កន្លងទៅនេះ លោកបានធ្វើដំណើរជិះកង់ឆ្លងប្រទេស ដោយបានធ្វើដំណើរទៅកាន់ភូមិភាគអាស៊ី អាគ្នេយ៍ ដោយឆ្លងកាត់ប្រាំមួយប្រទេស រហូតដល់ព្រំដែនប្រទេសភូមាផងដែរមដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការជិះកង់ ប្រមូលមូលនិធិថវិកាដើម្បជួយកុមារកម្ពុជា ។

លោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាល មន្ទីរកុមារអង្គរ ខេត្តសៀមរាប បានចាត់ទុកបង្កើតកម្មវិធីជិះកង់ធ្វើសកម្មភាពមនុស្សធម៌របស់លោក តារារិទ្ធ គឺជាវីរៈបុរស របស់កម្ពុជា ជាពិសេសគឺសម្រាប់កុមារ។លោកបន្ថែមថា មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើង២៥ឆ្នាំមកហើយ ដោយបានពិនិត្យព្យាបាលជំងឺកុមារ បានប្រហែលជាខ្ទង់បីលាននាក់ ។ជាមធ្យមក្នុងមួយឆ្នាំមន្ទីរពេទ្យមួយនេះបានធ្វើការពិគ្រោះនិងកុមារជាង១០ម៉ឺននាក់ ខណៈដែលក្នុងមួយថ្ងៃមានប្រមាណ ៤០០នាក់។ លោកបន្តថា ការចំណាយជារៀងរាល់ឆ្នាំមន្ទីរពេទ្យកុមារអង្គរ ចំនួនប្រមាណពីប្រាំ ទៅប្រាំមួយលានដុល្លារ ។ក្នុងនេះថវិកាប្រមាណ៧០ភាគយបានមកពីការជួយពីសប្បុរសជន នៅក្រៅប្រទេស និងប្រមាណ១០ ភាគរយ បានមកពីការជួយពីសប្បុរសជនក្នុងប្រទេស។

លោកបន្តថា នៅឆ្នាំ២០២៦ ខាងមុខ មន្ទីរពេទ្យកុមារអង្គរ ចង់ឱ្យមានការជួយពីប្រជាជនក្នុងស្រុកឱ្យដល់ ៥០ ភាគរយ នៃជំនួយសរុប ខ្ទង់បីលានដុល្លារក្នុងមួយឆ្នាំ ។
មន្ទីរពេទ្យកុមារអង្គរ បានព្យាបាលជំងឺទាក់ទងទៅនឹងជំងឺមហារីក ជំងឺឆ្អឹង មាត់ធ្មេញ ។បន្ថែមពីនេះក៏មានធ្វើការបណ្តុះបណ្តាលជំនាញទៅដល់គ្រូពេទ្យ និងផ្តល់ការប្រឹក្សាយោបល់ទៅដល់បណ្តាពេទ្យមួយចំនួន នៅតាមបណ្តាខេត្តផងដែរ។

លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផា បានបញ្ជាក់ថា មន្ទីរពេទ្យបានដាក់ដំណើរឡើងវិញនៅឆ្នាំ១៩៩២ រហូតដល់ពេលនេះ មានរយៈពេលជាង៣០ឆ្នាំ ហើយនិងស្រ្តីមានផ្ទៃពោះឆ្លងទន្លេសរុបជាង២៣លានករណី ខណៈដែលបានព្យាបាលជំងឺបេះដូងចំហបានជាង៨ ០០០ ករណី ។សម្រាប់ការចំណាយថវិកាជាប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផបាមានប្រមាណចាប់ពី៤០ទៅ៤៥លានដុល្លារ ។បើគិតជាការចំណាយប្រចាំថ្ងៃវិញក្នុហមួយថ្ងៃស្មើនឹង១២ម៉ឺនដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពីការគាំទ្រចំពោះសកម្មភាពមនុស្សធម៌ របស់យុវជនកម្ពុជា ទីវ តារារិទ្ធិ ។ឯកឧត្តមថា នេះជាសកម្មភាពមនុស្សធម៌មួយដ៏មានសារៈសំខាន់ ខណៈដែលប្រទេសកម្ពុជាបាននិងកំពុងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិកុមារ ទៅនឹងសុខុមាលភាពកុមារ ក៏ដូចជាទារក ។ ឯកឧត្តម រដ្ឋមន្រ្តី បន្តថា នៅក្នុងសកម្មភាព របស់យុវជន ទីវ តារារិទ្ធិ ដែលជិះកង់ដើម្បីមនុស្សធម៌នេះ នឹងចាប់ផ្តើមនៅក្នុងខែមិថុនា នេះ ហើយតាមការគ្រោងទុក នឹងឆ្លងកាត់ចំនួន២៥ប្រទេស ស្របពេលដែលជិះកង់នោះ ក៏នឹងមានទង់ជាតិរបស់ប្រទេសកម្ពុជា ឆ្លងកាត់ទៅតាមបណ្តាប្រទេសផ្សេងៗ។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា នេះគឺជាការបង្ហាញពីមោទនភាព ក្នុងនាមជាជនជាតិខ្មែរម្នាក់ ដែលបានផ្សព្វផ្សាយអំពីប្រទេសរបស់ខ្លួន តាមរយៈ មនុស្សធម៌របស់ខ្លួនដែរ ហើយអ្វីដែលយុវជន តារិទ្ធិ ធ្វើគឺដើម្បីប្រមូលថវិកា ជួយគាំទ្រទៅដល់កុមារ តាមរយៈ មន្ទីរពេទ្យចំនួនពីរ គឺមន្ទីរគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាស សប្បុរជន បងប្អូនប្រជាជនក្នុង និងក្រៅប្រទេស សូមចូលរួមគាំទ្រ និងបរិច្ចាគថវិកាជួយដល់កុមារកម្ពុជា តាមរយៈកម្មវិធីជិះកង់សប្បុរសធម៌ “Travel with Rith – Travel the World by Bicycle” ដើម្បីប្រមូលថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលមានកុមារយ៉ាងច្រើនកំពុងសម្រាកព្យាបាលជំងឺ។

គួរបញ្ជាក់ថា នេះជាការជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្រោយការជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣កន្លងទៅនេះ។ លោក ទីវ តារារិទ្ធិ នឹងចាប់ផ្តើម ដំណើរជិះកង់រៃអង្គាសថវិកាខាងលើ នៅថ្ងៃទី៦ ខែមិថុនា ដោយចាប់ផ្តើមពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅវេលាម៉ោង៦ព្រឹក៕
អត្ថបទៈង៉ាន់ ទិត្យ
រូបភាពៈរិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner