ឆ្នាំ២០២៤ កម្ពុជាមានប្រជានេសាទប្រមាណ ១.៥ លាននាក់ ខណៈសហគមន៍នេសាទមានចំនួន៥១៦
ភ្នំពេញ៖ សហគមន៍នេសាទនៅកម្ពុជាមានប្រជានេសាទប្រមាណ ១.៥ លាននាក់ ។ក្នុងនេះមានប្រហែល ១.៣៩៥.០០០ នាក់ ប្រកបរបរពាក់ព័ន្ធទៅនឹងការនេសាទទឹកសាប ខណៈប្រមាណ ១០៥.០០០ នាក់ទៀតកំពុងប្រកបរបរនេសាទសមុទ្រ។ជាមួយគ្នានេះកម្ពុជាក៏បានបង្កើតសហគមន៍នេសាទចំនួន៥១៦ ។ក្នុងនេះ៤៧៥ ទីតាំងស្ថិតនៅលើគោកនិង៤១ នៅតាមបណ្តោយឆ្នេរសមុទ្រ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤បានឳ្យដឹងថា កម្មវិធី CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) ជាមួយនឹងជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រួមជាមួយសហគមន៍ នេសាទបានជួបជុំពិភាក្សាគ្នាមួយនៅខេត្តកំពតដើម្បីពិនិត្យ និងសម្រេចទៅលើឯកសារណែនាំស្តីពីបច្ចេកទេសនៃផែនការនិរន្តរភាពហិរញ្ញប្បវត្ថុសហគមន៍នេសាទ ដែលរំពឹងថានឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ។
ទាក់ទិនក្នុងរឿងនេះលោក អៀម ឌីណា ទីប្រឹក្សាបច្ចេកទេស (ផលផលសហគមន៍) អង្គការ FAO នៅកម្ពុជា បានបញ្ជាក់ថា “យើងបាន ប្រមូលផ្តុំគ្នាដើម្បីវិភាគស្ថានភាពសហគមន៍ ប្រភពនៃមូលនិធិ និងជម្រើសហិរញ្ញវត្ថុឆ្ពោះទៅរកការបង្កើតផែនការហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពរបស់សហគមន៍នេសាទ។ ការរៀបចំផែនការបែបនេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការពង្រឹងនឹង នីរន្តរភាពសហគមន៍នេសាទ ហើយវាទាមទារឱ្យតួអង្គសំខាន់ៗ (រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល) និងអ្នកពាក់ព័ន្ធធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍”។
បណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផលបានលើកឡើងថា “ព្រឹត្តិការណ៍ទាំងនេះមានសារៈសំខាន់ ព្រោះវាផ្តល់ឱកាសដល់រដ្ឋបាលជលផល ខណ្ឌជលផល អង្គការមិនមែន រដ្ឋាភិបាល អ្នកជំនាញ និងប្រជានេសាទសហគមន៍បានមកជួបជុំគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក។
លោកបានបញ្ជាក់ថា «យើងរកឃើញថាតើអ្វីជាបញ្ហាប្រឈម អ្វីដែលយើងសម្រេចបាន និងអ្វីដែលយើងមិនមាន។ យើងសិក្សាពីការអនុវត្ត ល្អ និងយល់ពីអ្វីដែលត្រូវកែលម្អនាពេលអនាគតសំម្រាប់ការគ្រប់គ្រងសហគមន៍នេសាទ សម្រាប់ការអភិរក្សជលផល និង សម្រាប់ការអភិវឌ្ឍជីវភាពរស់នៅ»។
ចំណែកលោក William James Willis ប្រធានទីប្រឹក្សាបច្ចេកទេស គម្រោង CamAdapt អង្គការ FAO នៅកម្ពុជា បានឱ្យដឹងថា“នេះគឺជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពី បទពិសោធអតីតកាល និងឱកាសនាពេលអនាគត ដែលជំរុញតម្រូវការខ្ពស់លើអាហារសមុទ្រធម្មជាតិ វារីវប្បកម្ម ការកែច្នៃក្រោយការប្រមូលផល និងទេសចរណ៍ធម្មជាតិបែបសមុទ្រ។ ការផ្តល់ហិរញ្ញប្បទានប្រកបដោយនីរន្តរភាព គឺជាគន្លឹះនៃនិរន្តរភាពហិរញ្ញវត្ថុ និងអេកូឡូស៊ី ដែលអាចផ្តល់ ប្រាក់ចំណូលសម្រាប់ការបន្តការអភិរក្ស និងការទូទាត់សម្រាប់សេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ឆ្នេរសមុទ្រតែមួយគត់ របស់កម្ពុជា៕
ដោយ៖ម៉ាដេប៉ូ


