ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក Geoffroy Roux de BEZIEUX ប្រធានសម្ព័ន្ធ និយោជកហ្វ្រង់កូហ្វូន (APF) និងលោក Chakib ALJ ប្រធានសហព័ន្ធទូទៅនៃសហគ្រាសម៉ារ៉ុក (CGEM) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ នៅទីក្រុងម៉ារ៉ាកិច ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៤ ដោយមានក្រុមហ៊ុនឯកជនជាង ១០០០ក្រុមហ៊ុនចូលរួម ។

ក្នុងសុន្ទរកថា បើកនៃកម្មវិធីកិច្ចប្រជុំ REF ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន លើកឡើងពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ដោយសង្កត់ធ្ងន់លើកត្តាចាំបាច់ចំនួនពីរ៖ ១) ការរៀបចំយន្តការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន ឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយជាមួយ ក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការ គោលនយោបាយ សមស្រប និង ២) ការជួយដល់ក្រុមហ៊ុនឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅ នឹងកាលៈទេសៈថ្មីៗ ជាអាទិ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការហ្វ្រង់កូហ្វូនី ដើម្បីពិភាក្សាអំពីបេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ និង សកម្មភាពនានាដែលកម្ពុជា បានអនុវត្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ ក្នុងករណីដែលកិច្ចប្រជុំកំពូលនាខែតុលាឆ្នាំ២០២៤ ខាងមុខសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ ឯកឧត្តម Olivier CADIC សមាជិកព្រឹទ្ធសភាតំណាងប្រជាជនបារាំងរស់នៅក្រៅប្រទេស ព្រមទាំង បានពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម Franck RIESTER រដ្ឋមន្ត្រីប្រតិភូបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ កិច្ចការហ្វ្រង់កូហ្វូនី និងជនជាតិបារាំងនៅ បរទេសទៅលើបញ្ហានានាទាក់ទងនឹងសហគមន៍ហ្វ្រង់កូហ្វូននៅកម្ពុជា។

ជំនួបនៅម៉ារ៉ុកនេះគឺជាឱកាសដើម្បីបញ្ជាក់ពីការយល់ព្រមរបស់អាជ្ញាធរកម្ពុជាក្នុងការទទួល រៀបចំកិច្ចប្រជុំREFលើកទី៦នៅឆ្នាំ២០២៦។ ប្រធានសម្ព័ន្ធ APF និងលោកជំទាវអគ្គលេខាធិការ ហ្វ្រង់កូហ្វូនីស្វាគមន៍សេចក្តីប្រកាសរបស់កម្ពុជាហើយក៏បានបង្ហាញការពេញចិត្តលើការចូលរួមយ៉ាង សកម្មរបស់កម្ពុជានៅក្នុងចំណោមប្រទេសហ្វ្រង់កូហ្វូន។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយតំណាងមកពីវិស័យ ឯកជនជាច្រើនរូប ក្នុងនោះមាន លោក Chakib ALJ ប្រធានសហព័ន្ធ CGEM ដែលជាអ្នករៀបចំ ព្រឹត្តិការណ៍នេះ ដោយសហការជាមួយលោក Geoffroy Roux de BEZIEUX ប្រធានសម្ព័ន្ធ APF, លោក Patrick MARTIN ប្រធានចលនាសហគ្រាសបារាំង (MEDEF), លោកស្រី Sophie SIDOS-VICAT ប្រធានទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង (CCEF), លោក Karl BLACKBURN ប្រធានក្រុមប្រឹក្សានិយោជកកេបិក (CPQ) និងជាអនុប្រធានសម្ព័ន្ធនិយោជក ហ្វ្រង់កូហ្វូនអាមេរិក និងលោក David MEAS និងលោកស្រី Catherine JOFFROY មេធាវីក្រុមហ៊ុន Dentons ដែលជាក្រុមហ៊ុនប្រឹក្សាច្បាប់ដ៏ធំជាងគេនៅក្នុងពិភពលោក។

ពួកគេបានសម្តែងការគាំទ្រ និងសង្ឃឹមថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ហ្វ្រង់កូហ្វូនដ៏សំខាន់ទាំងពីរនៅឆ្នាំ២០២៦៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងជំនួបសហ គ្រិន ហ្វ្រង់កូហ្វូនលើកទី៦ ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner