រដ្ឋមន្ត្រីទេសចរណ៍ ពិភាក្សាអំពីកិច្ចការសិក្សាគម្រោងរៀបចំ ការប្រគំតន្ត្រីកម្រិតពិភពលោក នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាអំពីកិច្ចការសិក្សាគម្រោងរៀបចំ មហោស្រពតន្ត្រី អូប៉េរ៉ា នៅក្នុងប្រទេសកម្ពុជាជាមួយក្រុមការងារ លោក Maestro Andrea Bocelli តារាចម្រៀង នៃមហោស្រពតន្ត្រី អូប៉េរ៉ា ដោយដឹកនាំដោយ លោក Marco Bianchi  នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ព្រឹត្តិការណ៍នេះអាចជំរុញលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកាន់ប្រទេសកម្ពុជា និងចូលរួមគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤ ។

លោក Marco Bianchi បានបង្ហាញពីដំណើរការរៀបចំកម្មវិធីប្រគំតន្ត្រី នៅប្រទេសកម្ពុជា ដែលជួយជំរុញកំណើនទេសចរណ៍, កំណើនសេដ្ឋកិច្ច, អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ព្រមទាំងទទួលស្គាល់ពីអន្តរជាតិនិងជាអំណាចទន់ ផងដែរ។ លោកក៏បានអះអាងថា បើសិនរៀបចំបាន ការប្រគំតន្ត្រីនៅកម្ពុជាមួយនេះ នឹងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនធំៗ ដែលមានអ្នកទស្សនាដល់ទៅរាប់ពាន់លាននាក់។

មហោស្រពតន្រ្តី អូប៉េរ៉ា ស្តារធួរ បាននិងកំពុងរៀបចំនៅតាមទីតាំងដ៏អស្ចារ្យនានានៅបណ្តាប្រទេសអាស៊ី ហើយថ្មីៗនេះ លោកបាននិងកំពុងសិក្សាគម្រោងរៀបចំមហោស្រពតន្ត្រីនេះ នៅលើទឹកដីអង្គរដ៏អច្ឆរិយៈនៃប្រទេសកម្ពុជា។

ឯកឧត្តម រ័ត្ន សណ្តាប់ អ្នកជំនាញអរិយ្យធម៌ខ្មែរលើកឡើងថា ប្រសិនបើព្រឹត្តិការណ៍ដ៏ធំនេះកើតឡើងមែន កម្ពុជានឹងចំណេញ ៣ ដោយទី១ នឹងលើកកម្ពស់ម្លប់សន្តិភាពនៅកម្ពុជា សូម្បីតែតារាកម្រិតពិភពលោក ក៏នឹងហ៊ានមកកម្ពុជាសម្តែងដោយមិនបារម្មណ៍ ជាក់ស្តែងថ្មីៗនេះ តារាប្រដាល់កម្រិតពិភពលោក Manny Pacquiao សញ្ជាតិ ហ្វីលីពីន ក៏បានជ្រើសរើសកម្ពុជាមកទស្សនាតំបន់ទេសចរណ៍ប្រវត្តិខ្មែរដែរ។ ទី២ ទេសចរណ៍នៅកម្ពុជា នឹងបង្ហាញពិភពលោកអោយឃើញថា កម្ពុជាតូចពិត តែសុវត្ថិភាពខ្ពស់  និងទី៣ផ្តល់ យុវជនខ្មែរជាច្រើន រាប់ទាំងអ្នករៀបចំកម្មវិធីផងដែរនោះ នឹងទទួលបានបទពិសោធន៍ល្អៗ ក្នុងការប្រគំតន្ត្រីថ្នាក់ពិភពលោក។

បើតាមឯកឧត្តម រ័ត្ន សណ្តាប់ ដដែល បញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ដំណើរការចរចានឹងជោគជ័យ ហើយប្រជាពលរដ្ឋខ្មែរ នឹងបានឃើញស្នាមញញឹមរបស់លោក Andrea Bocelli ដោយផ្ទាល់ ខណៈលោកក៏នឹងឃើញស្នាមញញឹមប្រជាជនខ្មែរ ដោយផ្ទាល់ផងដែរ»។ ក្រុមការងាររបស់លោក Andrea Bocelli គ្រោងនឹងចូលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៣ និងទី៤ មុននឹងចាកចេញទៅវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

លោក Andrea Bocelli កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ នៅជិតក្រុងភីសា (Pisa) ប្រទេសអ៊ីតាលី។ គាត់មានឈ្មោះបោះសំឡេង ដោយសារសមត្ថភាពពិសេស ក្នុងសិល្បៈតន្ត្រីបញ្ចូលគ្នារវាងអូប៉េរ៉ា (Opera) និងតន្ត្រីប្រជាប្រិយ (Pop music)។

កាលពីក្មេង លោក Andrea Bocelli មានជំងឺដក់ទឹក្នុងភ្នែកពីកំណើត។ គាត់បានចាប់ផ្តើមរៀនព្យាណូ នៅអាយុ ៦ឆ្នាំ ហើយក្រោយមកលេងខ្លុយ និង Saxophone ។ នៅអាយុ ១២ឆ្នាំ គាត់បានពិការភ្នែកទាំងស្រុង បន្ទាប់ពីរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយសារលេងបាល់ទាត់។

ទោះបីជាពិការភ្នែក លោក Andrea Bocelli បានសិក្សាច្បាប់នៅសាកលវិទ្យាល័យភីសា (University of Pisa) ខណៈកំពុងច្រៀងនៅបារព្យាណូ និងក្លឹបកម្សាន្តរាត្រី ដើម្បីផ្គត់ផ្គង់ការសិក្សា។ បន្ទាប់ពីទទួលបានសញ្ញាបត្រ គាត់បានធ្វើជាមេធាវី តែងតាំងដោយរដ្ឋអស់រយៈពេល ១ឆ្នាំ មុននឹងសម្រេចចិត្តប្រកបអាជីពតន្ត្រី និងសិក្សាសំឡេងជាមួយលោក Franco Corelli ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner