ឧត្តម សេនីយ៍ទោ ជាម សុភា៖ បើក្លឹបកីឡាវាយសីទាំងអស់អនុវត្តតាមTR HOPE ធនធានកីឡាវាយសីនៅកម្ពុជានឹងមានសក្កានុពល
(ភ្នំពេញ)៖ ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា តំណាង ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងថា ក្លឹបកីឡាវាយសីTR HOPE ដែលមានមូលស្ថានស្ថិតនៅ ខេត្តព្រះសីហនុ បានកំពុងដើរតួនាទីបានយ៉ាងល្អក្នុងការបណ្តុះបណ្តាលផលិតធនធានបន្តវេនដ៏មានសក្កានុពលសម្រាប់អនាគត។
ការថ្លែងលើកឡើងរបស់អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីរូបនេះ ក្រោយពិធីបិទការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់TR HOPE ឆ្នាំ២០២៤ ។
អគ្គលេខាធិការ យល់ឃើញថា ក្លឹបកីឡាវាយសី TR HOPE កំពុងក្លាយជាគំរូល្អ និងដើរមុនគេលើគំរោងអភិវឌ្ឍធនធានបន្តវេន ដោយមានការបណ្តុះបណ្តាលកីឡាករកីឡាការិនីវាយសីវ័យក្មេងៗមិនគិតថវិកា និងបានផ្តល់ឱកាសឱ្យពួកគាត់បានប្រកួតប្រជែងបញ្ចេញសមត្ថភាពបន្ទាប់ពីហ្វឹកហាត់ជាប្រចាំជាមួយក្លឹប។ចំណុចទាំងអស់នេះហើយ ជាការរួមចំណែកធ្វើឱ្យធនធានវាយសីមានការកើនឡើង និងមានសក្កានុពល ព្រោះបានទាក់ទាញឱ្យពួកគេចង់ហ្វឹកហាត់និងកសាងសមត្ថភាពបោះជំហានក្លាយជាកីឡាវាយសីអាជីព ។ ជាក់ស្តែងដូចជាការប្រកួតនាពេលនេះ ការប្រកួតមានលក្ខណៈទ្រង់ទ្រាយធំនិងស្តង់ដាអន្តរជាតិមានបណ្តាក្លឹបទូទាំងប្រទេសជាច្រើនមកចូលរួមក្នុងនោះក៏មានក្លឹមវាយសីមកពីអន្តរជាតិចូលរួមចំនួន៣ប្រទេសមានម៉ាឡេស៊ី ឥណ្តូនេស៊ី និងប្រទេសថៃផងដែរ។ធ្វើឱ្យការប្រកួតប្រជែងមានកម្រិតខ្ពស់បានធ្វើឱ្យកីឡាករកីឡាការិនីចាត់ការប្រកួតនេះដូចការប្រកួតនៅក្រៅប្រទេសដែរ ។ទាមទាអ្នកមានសមត្ថភាពខ្លាំងទើបឈានដល់ការទទួលជ័យជំនះដណ្តើមបានពានរង្វាន់ជូនក្លឹបបាន។
ឯកឧត្តម អគ្គលេខាធិការ បានទទូចឱ្យបណ្តាក្លឹបកីឡាវាយសីផ្សេងៗទៀត ងាកមកយកគំរូ និងដើរតាមលំនាំក្លឹបកីឡាវាយសីTR HOPE ដើម្បីរួមគ្នាបង្កើតធនធានកីឡាវាយសីបន្តវេនពោពេញដោយសក្កានុពល ដើម្បីផលិតធនធានល្អៗជូនសហព័ន្ធត្រៀមប្រកួតប្រជែងដណ្តើមយកជ័យជំនះមកជូនជាតិពីការប្រកួតនៅលើឆាកអន្តរជាតិ។
គួរឱ្យដឹងដែរថា ការប្រកួតកីឡាវាយសីពានរង្វាន់TR HOPE ប្រចាំឆ្នាំ២០២៤នេះ ដំណើរការរយៈពេល២ថ្ងៃ មានកីឡាករកីឡាការិនី មកពីបណ្តាខេត្ត និងរាជធានីចូលរួមប្រកួតចំនួន១២ក្លឹប និង ក្រុមកីឡាវាយសីមកពីអន្តរជាតិចំនួន៣ប្រទេសមានដូចជា ប្រទេសម៉ាឡេស៊ី ឥណ្តូនេស៊ី និងប្រទេសថៃ សរុបកីឡាករកីឡាការិនីជាង១៥០នាក់ ធ្វើការប្រកួតលើ៨វិញ្ញសា រួមមានកុមារ យុវជន វ័យកណ្តាល និងវ័យចាស់៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ