ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាលាជាតិរដ្ឋបាលមូលដ្ឋាននិងសាកលវិទ្យាល័យរដ្ឋចំនួន៤

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាននិងសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យក្រចេះ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។

យោងតាមរបាយការណ៍ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋានជាមួយសាកលវិទ្យាល័យទាំង៤ មានគោលគោលបំណងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគី ពាក់ព័ន្ធនឹងការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ព្រមទាំងការអនុវត្តគម្រោងកម្មវិធីផ្សេងៗ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំង៤ ព្រមទាំងសហការីទាំងអស់ដែលបានខិតខំរួមគ្នាសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ ឱ្យមានពិធីចុះហត្ថលេខាជាផ្លូវការនូវអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃការព្រមព្រៀងគ្នានាពេលនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពសចំពោះគោលបំណងនៃអនុស្សារណៈនេះ ពិសេសការជួយសហការគ្នា រៀបចំការអភិវឌ្ឍធនធានមនុស្ស ការរៀបចំចែករំលែកបទពិសោធន៍លើការដឹកនាំកម្មវិធីអប់រំ ការប្រើប្រាស់ធនធានសិក្សា ព្រមទាំងយន្តការនានាសំដៅជំរុញឱ្យការងារមានប្រសិទ្ធភាពកាន់តែខ្លាំងក្លា ក្នុងគោលដៅគាំទ្រតាមផែនការនៃការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណវុឌ្ឍិខ្ពស់ ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យជឿនលឿនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដូចបណ្តាប្រទេសដទៃទៀតដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឱ្យប្រទេសជាតិមានមូលធនមនុស្សគ្រប់គ្រាន់ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបម្រើសេវាសាធារណៈ ក៏ដូចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានការរីកចម្រើជឿនលឿនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងចីរភាព ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានាដូចជា ជប៉ុន សិង្ហបុរី និងសាធារណរដ្ឋកូរ៉េ ជាដើម។

ដើម្បីជួយសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យដៃគូទាំង៤ មានមូលដ្ឋានកាន់តែច្បាស់ ក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យខិតខំរួមគ្នាពង្រឹង និងអភិវឌ្ឍការងារស្រាវជ្រាវ តាមគ្រប់រូបភាព ពិសេសពាក់ព័ន្ធសមត្ថភាពអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការតាមដានវាយតម្លៃ និងការលើកជាអនុសាសន៍ពាក់ព័ន្ធការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយពាក់ព័ន្ធ ដើម្បីបម្រើឱ្យការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner