GM ជួលអតីតនាយកប្រតិបត្តិ Apple ចំនួនពីររូប ជួយអភិវឌ្ឍឡានអគ្គិសនី

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន General Motors បានតែងតាំងអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ចំនួនពីររូប ឱ្យគ្រប់គ្រងផ្នែក Software និងផ្នែកប្រតិបត្តិការសេវាកម្ម ខណៈដែលខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រឹងទីផ្សារឡានអគ្គិសនី, ឡានបើកបរដោយខ្លួនឯង និងឡានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។

លោក Baris Cetinok ត្រូវបានតែងតាំងជាអនុប្រធានជាន់ខ្ពស់នៃការគ្រប់គ្រងផលិតផលផ្នែក Software និងសេវាកម្ម។ ជាមួយគ្នានេះ ក្រុមហ៊ុន GM ក៏បានតែងតាំងលោក Dave Richardson ជាអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មផ្នែក Software និងសេវាកម្មផងដែរ។ ក្រុមហ៊ុនផលិតឡានមានមូលដ្ឋានៅទីក្រុង Detroit នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លោកទាំងពីរបានចូលរួមជាមួយក្រុមហ៊ុន GM កាលពីខែកញ្ញាឆ្នាំមុនមកម្ល៉េះ។

ប៉ុន្តែការផ្សព្វផ្សាយនេះកើតឡើងនៅពេលដែលក្រុមហ៊ុន GM កំពុងព្យាយាមអនុវត្តផែនការធំៗ ដើម្បីបង្កើនប្រាក់ចំណូលពីផ្នែក Software និងសេវាកម្ម ហើយផ្លាស់ប្តូរពីឡានប្រើសាំង ទៅជាឡានប្រើអាគុយ។ លោក Cetinok នឹងដឹកនាំក្រុមការងារត្រួតពិនិត្យផលិតផល Software ខណៈដែលលោក Richardson នឹងដឹកនាំផ្នែកសូហ្វវែវិស្វកម្មទាំងអស់ រួមទាំងផលិតផលឌីជីថល និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ។

សេចក្តីថ្លែងការណ៍របស់ GM បានបន្ថែមថា លោក Cetinok មានបទពិសោធន៍ជាងមួយសតវត្សន៍នៅក្នុងផ្នែកផលិតផល វិស្វកម្ម និងការរចនា នៅក្នុងក្រុមហ៊ុន Microsoft, Amazon និង Apple។ គាត់ក៏ជានាយកជាន់ខ្ពស់គ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Apple ជាកន្លែងដែលគាត់បានបើកដំណើរការសេវាកម្ម Apple Pay, Apple Card និង iCloud។

រីឯលោក Richardson បានបម្រើការនៅក្រុមហ៊ុន Apple អស់រយៈពេលជាច្រើនឆ្នាំ ជាកន្លែងដែលគាត់បានដឹកនាំផ្នែកវិស្វកម្មសម្រាប់សេវាកម្មមួយចំនួន មានដូចជា iCloud, FaceTime និង Siri។ ដូច្នេះលោកទាំងពីរនឹងក្លាយជាផ្នែកមួយ នៃការដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន GM ហើយរាយការណ៍ដោយផ្ទាល់ទៅកាន់លោកនាយកប្រតិបត្តិ Mary Barra។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឡានអាមេរិក GM បានជួបប្រទះនូវបញ្ហា ក្នុងការផលិតឡានអគ្គិសនីទ្រង់ទ្រាយធំ ហើយផ្នែក Software ក៏ជាបញ្ហាដែរ។ រីឯអង្គភាពឡានបើកបរដោយខ្លួនឯង Cruise របស់ខ្លួន ក៏កំពុងព្យាយាមកសាងទំនុកចិត្តសាធារណៈឡើងវិញនៅទីក្រុង San Francisco និងការចោទប្រកាន់ថា ខ្លួនបានព្យាយាមបិទបាំងសុវត្ថិភាព នៃបច្ចេកវិទ្យា៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner