គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងស្នើទិញឧបករណ៍ការពាររន្ទះ (Video Inside)

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គេគ្រោងនឹងស្នើរាជរដ្ឋាភិបាល ដើម្បីទិញឧបករណ៍ការពាររន្ទះ ខណៈមនុស្សរងគ្រោះដោយសាររន្ទះបាញ់មានចំនួនច្រើន គួរកត់សម្គាល់។

ការលើកឡើងនូវគំរោងស្នើទិញឧបករណ៍ការពាររន្ទះបាញ់នេះ បានធ្វើឡើងដោយទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី៤មិថុនា ក្នុងរាជធានីភ្នំពេញ។

គ្រោះធម្មជាតិរន្ទះបាញ់ក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សច្រើនសិបនាក់ក្នុងមួយឆ្នាំៗ និងមិនមានឆ្នាំណាដែលគ្មានអ្នករងគ្រោះដោយសារគ្រោះរន្ទះបាញ់ឡើយ ដោយសារតែកម្ពុជា មិនទាន់បានដាក់ប្រព័ន្ធការពារបង្ការន្ទះបាញ់ បានគ្រប់សព្វកន្លែងទូទាំងប្រទេសឡើយ។

ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា លោកនឹងស្នើទៅកាន់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពីនិត្យអំពីថវិកា ក្នុងការផ្តល់នូវគម្រោងតម្លើងអង់តែនការពាររន្ទះបាញ់ ដែលជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយនានា។

លោកថ្លែងថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០២៤នេះ ស្ថានភាពដែលបង្កឱ្យមានរន្ទះបាញ់អាចនឹងធ្ងន់ធ្ងរជាងឆ្នាំ២០២៣។

គ្រោះធម្មជាតិដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេលកន្លះខែនៅក្នុងខែឧសភា កន្លងមកនេះ បានធ្វើឱ្យមនុស្សស្លាប់ និងរបួសចំនួន ៥០នាក់, ផ្ទះពលរដ្ឋជាង ១ពាន់ខ្នង និងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួន រងផលប៉ះពាល់ និងខូចខាត។

ads banner