៥ខែដើមឆ្នាំបង្ក្រាបគ្រឿងញៀនជិត ៥តោន (Video Inside)

គ្រឿងញៀនបានជិត៥តោន និងជនសង្ស័យចំនួនជាង ៩ពាន់នាក់ ត្រូវបានចាប់ខ្លួន និងបង្ក្រាប ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ។ តួលេខនេះមានការកើនឡើង ២៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន គិតចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០២៤, ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ដែលត្រូវបានចាប់ខ្លួន មានចំនួន ៩ពាន់ ៣៦៩នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺមានចំនួន ៧ពាន់ ២៣០នាក់។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមជនសង្ស័យទាំង ៩ពាន់ ៣៦៩នាក់នេះ មានជនសង្ស័យចំនួន ៣២៤នាក់ ជាជនបរទេស ដែលមាន ១៣សញ្ជាតិផ្សេងៗគ្នា។

គ្រឿងញៀនដែលរឹបអូសបាន មានចំនួនសរុប ៤,៧១តោន ដែលចំនួននេះកើនឡើងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយក្នុងរយៈពេល៥ខែដើមឆ្នាំមុននោះ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបានតែជាង ៧៨០គីឡូក្រាមប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានថ្លែងកត់សម្គាល់ថ្មីៗនេះថា «ភាគច្រើននៃគ្រឿងញៀន និងសារធាតុគីមីផ្សំ ដែលបាននិងកំពុងចរាចរណ៍ដោយការកែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមក តាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ»។

លោករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យមានការរឹតបន្តឹងការបង្ក្រាបសារធាតុគីមីច្នៃ ដែលក្រុមទុច្ចរឹតអាចបង្កើតបានជាគ្រឿងញៀននេះ។

ads banner