សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចុះសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស អតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ធ្លាប់បានបម្រើការងារមនុស្សធម៌អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសមានស្នាដៃក្នុងការចូលរួមផ្តួចផ្តើមគំនិតបង្កើតនិងថែរក្សាឧទ្យានសហស្សវត្ស៍កាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប។ បច្ចុប្បន្នលោកតាព្រឹទ្ធាចារ្យ មានវ័យ ៩៧ឆ្នាំ ធ្វើជាគ្រូបង្រៀនប្រវត្តិសាស្ត្រនៅពុទ្ធិកវិទ្យាល័យរាជបូណ៌ និងមានស្នាដៃក្នុងការដឹកនាំសមណសិស្សរៀបរៀង និងចងក្រងសៀវភៅរួមមាន៖ ពុទ្ធពង្សាវតារ, វប្បធម៌ខ្មែរ និងជីវិតខ្មែរ, តាពេជ្ញ តំណាល និងរបរកំដរជីវិតខ្មែរ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ ជាពិសេសសូមជូនពរលោកតាព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ អាយុយឺនយូរ ដើម្បីនៅបន្តជួយថែរក្សាមរតកវប្បធម៌ អក្សរសាស្ត្រ អក្សរសិល្ប៍ និងប្រវត្តិសាស្ត្រខ្មែរ ជូនដល់កូនចៅជំនាន់ក្រោយ។

ព្រឹទ្ធាចារ្យ ទួន ទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកាចំនួន ៥លានរៀល រួមជាមួយទឹកដោះគោ និងទឹកមាត់ត្រចៀកកាំ ជូនដល់លោកតា និង តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនជួបការលំបាកនៅគ្រប់ទីកន្លែង។ លោកតាព្រឹទ្ធាចារ្យ សូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តនៅជាក្តីសង្ឃឹម ភាពកក់ក្តៅដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត នៅទូទាំងប្រទេស៕
ដោយៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner