ថៃនឹងតម្រូវឲ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវ បង់ពន្ធ

កាសែត Bangkok Post បានចេញផ្សាយ នាពេលថ្មីៗនេះថា អ្នកលក់ដូរទំនិញនៅតាមដងផ្លូវទាំងអស់ ក្នុងក្រុងបាងកក នឹងត្រូវបង់ពន្ធ ដើម្បីគ្រប់គ្រងអាជីវកម្មនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ។

យោងតាមកាសែតថៃមួយនេះដដែល អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានអះអាង កាលពីសប្តា៍មុនដែរថា មានតែអាជីវករដែលរកចំណូលប្រចាំខែ តិចជាង ៦៨០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យបន្តលក់ដូរតាមផ្លូវបាន។ ចំណែក អ្នកដែលរកចំណូលបានលើសពីចំនួននេះ ត្រូវបានលើកទឹកចិត្ត ឱ្យជួលកន្លែងឬហាងជំនួសវិញ ហើយអាជ្ញាធរក្រុងកំពុងស្វែងរកដៃគូវិនិយោគដើម្បីជួយសម្រួលដល់ពួកគេ។

យ៉ាងណាមិញ ពុំទាន់មានព័ត៌មានលម្អិត អំពីពេលវេលាជាក់លាក់ ដែលត្រូវអនុវត្តជាផ្លូវការនៅឡើយទេ។ លោក Chadchart និយាយថា រដ្ឋបាលក្រុងបាងកក កំពុងត្រួតពិនិត្យអំពីប្រាក់ចំណូលរបស់អាជីវករ ជាមុនសិន។ លោកបានបន្ថែមទៀតថា ទីតាំងលក់ដូរទាំងនោះ កំពុងរំខានដល់ចរាចរណ៍ថ្មើរជើង និងបញ្ហាសំរាម ផងដែរ។

ទីក្រុងបាងកក ត្រូវបានប៉ាន់ប្រមាណថា មានអ្នកលក់តាមដងផ្លូវ ចំនួន២ម៉ឺននាក់ គិតត្រឹមឆ្នាំ២០២៣ នេះបើតាមកាសែតវៀតណាម VNexpress។ ប្រភពបន្តទៀតថា ចាប់តាំងពីលោក Chadchart Sittipunt ក្លាយជាអភិបាលក្រុងបាងកក ក្នុងឆ្នាំ ២០២២មក អាជ្ញាធរក្រុងបាននិងកំពុងខិតខំ ធ្វើឱ្យចិញ្ចើមផ្លូវនានា កាន់តែមានផាសុកភាព សម្រាប់អ្នកថ្មើរជើង៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner