ប្រេស៊ីលជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្ត
ប្រាស៊ីលីយ៉ា៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃចន្ទថា ការប្រែប្រួលអាកាសធាតុ បានបង្កទឹកជំនន់ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រនៅភាគខាងត្បូងប្រទេសប្រេស៊ីល និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino។
ទឹកភ្លៀងកាលពី ៣ខែមុន នៅតែបន្តជនលិចភាគខាងត្បូងនៃរដ្ឋ Rio Grande do Sul ដែលនេះជាព្រឹត្តិការណ៍ដ៏កម្របំផុត ហើយរៀងរាល់ ១០០ ទៅ ២៥០ឆ្នាំទើបកើតឡើងម្តង នេះបើយោងតាមការសិក្សាដែលចេញផ្សាយដោយ អង្គការ World Weather Attribution ( WWA)។
ទឹកជំនន់កាលពីចុងខែមេសា និងដើមខែឧសភាមកនេះ បានជន់លិចទីក្រុង កសិដ្ឋាន និងអាកាសយានដ្ឋានអន្តរជាតិ ដែលប៉ះពាល់ដល់ជាង ៩០ភាគរយនៃរដ្ឋ Rio Grande do Sul។ គ្រោះមហន្តរាយនេះ បានធ្វើឱ្យមនុស្ស ១៧២នាក់បានស្លាប់ និងប្រហែល ៦០០,០០០នាក់បង្ខំចិត្តផ្លាស់ទីលំនៅ។
អង្គការ WWA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុ
គឺជាដើមចងនាំឱ្យព្រឹត្តិការណ៍នេះ កាន់តែធ្ងន់ធ្ងរទ្វេដង និងកើនឡើងខ្លាំងនៅចន្លោះពី ៦ ទៅ ៩ភាគរយ។
លើសពីនេះ បាតុភូត El Nino បានធ្វើឱ្យមានភ្លៀងធ្លាក់កាន់តែខ្លាំង ពី ៣ ទៅ ១០ភាគរយផងដែរ។ នេះបើតាមអ្នកវិទ្យាសាស្ត្រសកល វាយតម្លៃពីទំនាក់ទំនងរវាងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ និងការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា