កូរ៉េខាងត្បូងផ្តល់ជំនួយ និងវិនិយោគ ២៤ពាន់លានដុល្លារ សម្រាប់អាហ្វ្រិក
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃអង្គារ បានប្រកាសផ្តល់ជំនួយថ្មី និងផ្តល់ការវិនិយោគ សរុប២៤ពាន់លានដុល្លារអាមេរិក សម្រាប់ទ្វីបអាហ្រ្វិក ខណៈដែលរដ្ឋបាលក្រុងសេអ៊ូលស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ជាមួយទ្វីបមួយនេះ។
ថ្លែងក្នុងពេលប្រកាសបើកកិច្ចប្រជុំកំពូលកូរ៉េ-អាហ្វ្រិក ឆ្នាំ២០២៤ ដែលមានវត្តមានថ្នាក់ដឹកនាំ និងតំណាងប្រទេស នៃប្លុកអាហ្វ្រិក ជិត៥០ប្រទេស ហើយ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនោះ លោក Yoon បានសន្យាថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើនការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ទ្វេដង ដល់ទ្វីបអាហ្រ្វិក ពោលគឺរហូតដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ហើយនឹងផ្តល់ហិរញ្ញប្បទាន ចំនួន ១៤ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងទ្វីបអាហ្វ្រិក។
លោក Yoon បាននិយាយថា «យើងក៏នឹងរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ របស់ទ្វីបអាហ្រ្វិក តាមរយៈតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក ហៅកាត់ AfCFTA ដែលត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០១៩។
មុនពេលប្រកាសបើកកិច្ចប្រជុំកំពូលនេះ លោក Yoon បានប្រាប់ AFP ថា មានគម្រោងដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកូរ៉េ និងអាហ្វ្រិកអាចសហការគ្នាលើវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងមូល ក្នុងនោះ រួមបញ្ចូលទាំងការសាងសង់ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងកំពង់ផែ ប្រព័ន្ធទីក្រុងឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងការបង្កើតផែនការមេ ជាដើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត