ប្រធាន IAEA ព្រមានថា ការដាក់ទណ្ឌកម្មឧស្សាហកម្មនុយក្លេអ៊ែររុស្ស៊ី នឹងបង្កការឈឺចាប់ដល់អឺរ៉ុប

ព្រុចសែល៖ ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានថា ការដាក់ទណ្ឌកម្មលើឧស្សាហកម្មនុយក្លេអ៊ែររុស្ស៊ី នឹងធ្វើឱ្យ ប៉ះពាល់ដល់សហភាពអឺរ៉ុបវិញតែប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Austrian Der Standard ដែលចេញផ្សាយកាលពីថ្ងៃចន្ទ លោក Grossi បានគូសបញ្ជាក់ពីការពឹងផ្អែករបស់អឺរ៉ុបទៅលើសារធាតុអ៊ុយរ៉ាញ៉ូម និងឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ី ដោយកត់សម្គាល់ថា ប្រទេសមួយចំនួននៅក្នុងប្លុកនេះ គឺមានរហូតដល់ ៤០ភាគរយ ដែលអាស្រ័យផលលើការផ្គត់ផ្គង់របស់ទីក្រុងមូស្គូ។

លោក Grossi បានព្រមានថា មិនដូចទៅនឹងការចែកចាយធ្យូងថ្ម និងឧស្ម័នទេ វាមិនមានមធ្យោបាយលឿនក្នុងការផ្លាស់ប្តូរឆ្ងាយពីឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីនោះទេ ហើយថា ការផ្តាច់ទំនាក់ទំនងឆាប់ពេក នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក។

ការថ្លែងបែបនេះរបស់លោក Grossi ធ្វើឡើងចំពេលដែលសហភាពអឺរ៉ុប មានបំណងអនុម័តកញ្ចប់ទណ្ឌកម្មទី១៤ ប្រឆាំងនឹងរុស្ស៊ីមុនខែកក្កដា។ បន្ថែមលើនេះ សហភាពអឺរ៉ុបក៏កំពុងពិចារណាដាក់ពន្ធរហូតដល់ ៤៦ពាន់លានដុល្លារ លើការនាំចូលពីប្រទេសរុស្ស៊ី រួមទាំងឥន្ធនៈនុយក្លេអ៊ែរផងដែរ។

កាលពីដើមឆ្នាំនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា ការផលិតថាមពលនុយក្លេអ៊ែរសកលនឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៥ ដោយសារប្រទេសកាន់តែច្រើនងាកទៅរកបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយការបំភាយឧស្ម័ន។

អង់គ្លេស ស៊ុយអែត និងស្វីស ស្ថិតក្នុងចំណោមប្រទេសដែលស្ថិតនៅលើផ្លូវ ក្នុងការបង្កើនការផលិតថាមពលនុយក្លេអ៊ែរក្នុងស្រុក ដោយពង្រីកជីវិតប្រតិបត្តិការរបស់រោងចក្រដែលមានស្រាប់ និងសាងសង់រោងចក្រថ្មី ក្នុងគោលបំណងជំរុញសន្តិសុខថាមពល ខណៈដែលតម្រូវការអគ្គិសនីកើនឡើង។

គិតត្រឹមឆ្នាំ ២០២២ ប្រទេសរុស្ស៊ីគឺជាអ្នកនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមដ៏ធំបំផុតនៅលើទីផ្សារពិភពលោក ដែលមានចំនួនប្រហែល ៣៥ភាគរយនៃការលក់ទូទាំងពិភពលោក ជាមួយនឹងតម្លៃនាំចេញប៉ាន់ស្មានចំនួន ២ពាន់លានដុល្លារ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner