អ្នកដំណើរអាមេរិកបានសំណង ៩០០លានដុល្លារ ពីអាកាសចរណ៍បរទេស

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានអះអាង កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបីប្រទេស នឹងផ្តល់សំណង ចំនួន ៩០០លានដុល្លារអាមេរិក ដល់អ្នកដំណើរ ដោយសារតែការផ្លាស់ប្តូរភ្លាមៗ ឬលុបចោលជើងហោះហើរ អំឡុងពេលមានជំងឺរាតត្បាត កូវីដ១៩ កាលពីពេលកន្លងទៅ។

ប្រភពបានបញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់ Lufthansa ត្រូវបានបង្គាប់ឲ្យសង ៧៧៥លានដុល្លាអាមេរិក ខណៈដែលក្រុមហ៊ុនហូឡង់ KLM ត្រូវបានបង្គាប់ឲ្យសង ១១៣.៣លានដុល្លារអាមេរិក ហើយក្រុមហ៊ុនអាហ្វ្រិកខាងត្បូង South African Airways ត្រូវសង ១៥.២លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Pete Buttigieg បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា «នៅពេលដែលជើងហោះហើរមួយត្រូវបានលុបចោល ឬផ្លាស់ប្តូរ អ្នកមិនគួរមានជម្លោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទារប្រាក់មកវិញទេ ខណៈដែលយើងមានវិធីសាស្ត្រ ដោះស្រាយ សម្រាប់អ្នកដំណើរគ្រប់គ្នា»។

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកក៏កំពុងគ្រោងផាកពិន័យចំនួន ២.៥ លានដុល្លារ ប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ទាំងបី ដោយសារតែការពន្យារពេលច្រើន ក្នុងការផ្តល់សំណង ទៀតផង។

អ្នកនាំពាក្យក្រុមហ៊ុន Lufthansa បានប្រាប់ AFP ថា ក្រុមហ៊ុនបានទាក់ទងជាយូរមកហើយ ជាមួយក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក ហើយ បញ្ជាក់ថា ការផាកពិន័យមិនខុសពីបទដ្ឋានទេ បើប្រៀបធៀបជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត។ Lufthansa ទទួលស្គាល់ថា មានការពន្យាពេលក្នុងការទូទាត់ គឺដោយសារតែ ជាកម្រិតនៃការសងប្រាក់វិញដ៏ធំ ជាប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid។

កាលពីដើមឆ្នាំនេះ អាជ្ញាធរសហរដ្ឋអាមេរិកបានចេញច្បាប់មួយដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ផ្តល់ការបង្វិលសងដោយស្វ័យប្រវត្តិភ្លាមៗ នៅពេលដែលជើងហោះហើរត្រូវបានលុបចោល ឬផ្លាស់ប្តូរភ្លាមៗ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner