លោក Modi អបអរជ័យជម្នះ ក្នុងការបោះឆ្នោតនៅឥណ្ឌា ប៉ុន្តែបាត់បង់សម្លេងដ៏ច្រើន

ញូវដេល្លី៖ សម្ព័ន្ធភាពនយោបាយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានឈ្នះការបោះឆ្នោតសកល ដែលចាយពេលជាច្រើនសប្តាហ៍ ប៉ុន្តែ ក្រុមប្រឆាំងបាននិយាយថា អ្នកបោះឆ្នោតបានផ្ញើសារយ៉ាងច្បាស់ បន្ទាប់ពីគណបក្សជាតិនិយមហិណ្ឌូរបស់លោក Modi បានបាត់បង់សំឡេងភាគច្រើន ក្នុងសភា ជាលើកដំបូង ពុំធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍។

ក្នុងពេលប្រកាសពីជ័យជំនះ កាលពីថ្ងៃអង្គារ លោក Modi បានមានប្រសាន៍ថា «អាណត្តិទីបី របស់យើង នឹងក្លាយជាការសម្រេចចិត្តដ៏ធំមួយ ហើយប្រទេសនេះ នឹងបង្ហាញជំពូកថ្មី នៃការអភិវឌ្ឍន៍»។

សម្ព័ន្ធភាពដែលដឹកនាំដោយគណបក្ស Bharatiya Janata ហៅកាត់ថា BJP របស់ លោក Modi បានឈ្នះសំឡេងភាគច្រើន នៅក្នុងសភា នេះបើតាមលទ្ធផល នៅលើគេហទំព័ររបស់គណៈកម្មាធិការបោះឆ្នោត ដែលបានបង្ហាញ កាលពីល្ងាចថ្ងៃអង្គារ។ ប៉ុន្តែ បក្ស BJP អាចទទួលបានតែ ២៤០ អាសនៈប៉ុណ្ណោះ ពោលគឺធ្លាក់ចុះអសនៈ ប្រមាណ ៣០០អសនៈ ធៀបនឹងអាណត្តិមុន ដែលមានន័យថា នឹងត្រូវពឹងផ្អែកលើដៃគូសម្ព័ន្ធភាពរបស់ខ្លួន ដើម្បីអនុម័តច្បាប់នានា។

គណបក្សប្រឆាំងដ៏មានឥទ្ធិពល ត្រូវបានគេរំពឹងថា នឹងទទួលបាន ៩៩អាសនៈ កើនឡើងស្ទើរតែពីរដង ធៀបនឹងការបោះឆ្នោត ឆ្នាំ២០១៩។ មេដឹកនាំគណបក្ស «សមាជជាតិ» លោក Rahul Gandhi បានប្រាប់អ្នកយកព័ត៌មាន បង្ហាញពីការជឿជាក់ថា ការណ៍នេះបានឆ្លុះពីទំនុកចិត្តថា ប្រជាជនឥណ្ឌា នឹងផ្តល់ការឆ្លើយតបដ៏ត្រឹមត្រូវ ហើយអះអាងថា ប្រជាជនមិនចង់បានលោក Modi ទេ។

ជាមួយគ្នានេះ អង្គការ Freedom House ដែលជាបណ្តុំបញ្ញវន្ត របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា គណបក្ស BJP របស់លោក Modi ថា ប្រើប្រាស់ស្ថាប័នរដ្ឋាភិបាលកាន់តែខ្លាំងឡើង ដើម្បីគាបសង្កត់លើគូប្រជែងនយោបាយ។ ក្នុងនោះ លោក Arvind Kejriwal មេដឹកនាំដ៏សំខាន់ នៅក្នុងសម្ព័ន្ធភាពមួយ ដែលបានបង្កើតឡើង ដើម្បីប្រកួតប្រជែងនឹងលោក Modi ត្រូវបានឃុំខ្លួន ជុំវិញការស៊ើបអង្កេតអំពើពុករលួយដ៏យូរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner